តារា ជនល្បី

បវរកញ្ញាបារាំងឆ្នាំ២០២១ ប្រកាសខ្លួនជា​«ស្ត្រីប្រាកដនិយម»​ម្នាក់

ក្ដីសុបិន្តដើម្បីក្លាយជាបវរកញ្ញាបារាំង បានក្លាយជាការពិត សម្រាប់កញ្ញា អាមង់ឌីន ពើទី (Amandine Petit) មិនខុសទេ! តែរាជនី​សម្ផស្ស​​អាយុ២៣ឆ្នាំរូបនេះ បានបញ្ជាក់ឲ្យដឹងថា នាងជា«ស្ត្រីប្រាកដនិយម»ម្នាក់ ផ្ទុយគ្នាស្រឡះ​ពីអតីតកាលរបស់នាង ដែលធ្លាប់ជាក្មេងស្រី​​ស្ដាប់បង្គាប់ និងមិនសូវមាត់-ក។

អាមង់ឌីន ពើទី បានថ្លែងដូច្នេះ នៅក្នុងឯកសារខ្លីមួយ ដែលនិយាយពីជីវប្រវត្តិរបស់នាង នៅមុននាងក្លាយខ្លួន​ជាម្ចាស់ម្កុជពេជ្រ នៃបវរកញ្ញាបារាំង​ឆ្នាំ២០២១ កាលពីយប់ថ្ងៃសៅរ៍ (ទី១៩ ខែធ្នូ) ចុងសប្ដាហ៍កន្លងមកនេះ ដើម្បីបន្តតំណែង ពីបវរកញ្ញាឆ្នាំមុន គឺកញ្ញា ក្លេមង់ បូទីណូ (Clémence Botino)។

កញ្ញា ពើទី បានលើកឡើងនៅពេលនោះថា នាងជា«ស្ត្រីប្រាកដនិយម»ម្នាក់ ហើយបើនាង​​បានក្លាយ​ជាបវរកញ្ញា នាងមានបំណង​ធ្វើការផ្ទេរ​នូវ«គុណតម្លៃសំខាន់ៗ» ស្ដីពី«ភាពត្រឹមត្រូវ (មិនក្លែងក្លាយ) ភាពសាមញ្ញ និងភាពស៊ីវីល័យ» ទៅកាន់បណ្ដាជនទាំងឡាយ ជាពិសេសយុវជន។

យុវតីដែលមានសក់ពណ៌លឿង ភ្នែកពណ៌ខៀវរូបនេះ ជានិស្សិតថ្នាក់អនុបណ្ឌិត ឯកទេស«គ្រប់គ្រង់ស្ថាប័ន និងរចនាសម្ព័ន្ធផ្ទៃក្នុង» នៅក្នុងសាលាជាន់ខ្ពស់មួយ នៃក្រុង​«Caen» (ភាគពាយ័ព្យ នៃប្រទេសបារាំង)។ បន្ទាប់ពីបញ្ចប់ការសិក្សា កញ្ញា ពើទី មានបំណង​យ៉ាងមុតមាំ ក្នុងការក្លាយខ្លួន ជានាយិកាគ្រឹះស្ថានសុខភាព​មួយកន្លែង​ សម្រាប់ទ្រទ្រង់​​មនុស្សចាស់។ កញ្ញាបាននិយាយថា៖

«អ្វីដែលខ្ញុំស្រឡាញ់ពេញចិត្ត នៅក្នុងអាជីពនេះ គឺវាស្ថិតក្នុងជំនាញ នៃការគ្រប់គ្រង ហើយវាបានផ្ដល់ នូវគុណប្រយោជន៍​​ធំធេង​ណាស់ សម្រាប់សង្គម។»

បន្ទាប់ពីបានទទួលតំណែង ជារាជនីសម្ផស្សរបស់ប្រទេសបារាំង ក្នុងយប់ថ្ងៃសៅរ៍នោះ បវរកញ្ញាថ្មីថ្មោងបានថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន អះអាងបន្ថែមអំពីអ្វី​ដែលនាងលើកឡើង ក្នុងពេលកន្លងមក។ កញ្ញា​បញ្ជាក់ថា កញ្ញាត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីបង្ហាញថា «ស្ត្រីបច្ចុប្បន្ន ជាស្ត្រីដែលរឹងមាំ ជាស្ត្រីដែលអាចធ្វើអ្វីបាន ទៅតាមអ្វី​ដែលនាងចង់ធ្វើ»៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។