ពិភពលោក

ឧក្រិដ្ឋកម្ម៖ ទាហានរ៉ុស្ស៊ី​បាញ់​ជនស៊ីវិលអ៊ុយក្រែន​២នាក់ ពីក្រោយខ្នង

នៅក្នុងយានដ្ឋានមួយកន្លែង ក្បែររដ្ឋធានីគៀវ (ប្រទេសអ៊ុយក្រែន) ទាហានរ៉ុស្ស៊ី២នាក់បានផ្ទុះអាវុធ​ បាញ់សម្លាប់​ជនស៊ីវិលអ៊ុយក្រែន២នាក់ ពីក្រោយខ្នង មុននឹងទាហានទាំងនោះ ចូលឆក់ប្លន់ និងបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​យានដ្ឋាននោះ។ ហេតុការណ៍កើតឡើង តាំងពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ តែវីដេអូថតដោយកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីហេតុការណ៍ខាងលើ ត្រូវបានបណ្ដាញទូរទស្សន៍ «CNN» ទើបនឹង​យកមកផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែឧសភានេះ។

សកម្មភាពឆក់ប្លន់ និងសម្លាប់ជនស៊ីវិល ដែលគ្មានអាវុធនៅក្នុងដៃ អាចជាភស្ដុតាងថ្មីទៀត ដើម្បីដាក់បន្ទុក​ទៅលើ​ប្រទេសរ៉ុស្ស៊ី ពីបទឧក្រិដ្ឋកម្មសង្គ្រាម នៅចំពោះតុលាការអន្តរជាតិ។

ជនស៊ីវិលរងគ្រោះទាំងពីរនាក់ មានម្នាក់ជាម្ចាស់យានដ្ឋាន ដែលអត្តសញ្ញាណមិនត្រូវបានបញ្ចេញឲ្យដឹងទេ។ តែម្នាក់ទៀត ជាបុរសវ័យ​៦៨ឆ្នាំ​មួយរូប ឈ្មោះ «Leonid Oleksiyovych Plyats» និងជាភ្នាក់ងារសន្ដិសុខ នៅនឹងយានដ្ឋាននោះ។ ដំបូងឡើយ ពួកគេទាំងពីរនាក់ បានចេញទៅជួប​ក្រុមទាហានរ៉ុស្ស៊ី ទាំង៥នាក់ ដែលបាន​ចូលមកវាយសោរ និងកញ្ចក់យានដ្ឋាន។

តែនៅពេលបុរសទាំងពីរនាក់ បានដើរត្រឡប់ចូលទៅក្នុងវិញ ទាហានរ៉ុស្ស៊ីពីរនាក់ បានដើរតាមក្រោយ និងផ្ទុះ​អាវុធទៅលើពួកគេទាំងពីរនាក់ បណ្ដាលឲ្យបុរសម្នាក់ ដែលជាម្ចាស់យានដ្ឋាន ដួលស្លាប់នៅនឹងកន្លែង។ ដោយឡែក ភ្នាក់ងារសន្ដិសុខ​វ័យចំណាស់ ដែលរងរបួសធ្ងន់ធ្ងរ បានងើប​ឡើងវិញ និងដើរទាំងត្រដាបត្រដួស ចូលទៅក្នុងបន្ទប់ប្រចាំការរបស់ខ្លួន។

នៅទីនោះ លោក«Leonid Oleksiyovych Plyats» បានទាក់ទងកងរក្សាសន្ដិសុខអ៊ុយក្រែន និងកូនស្រី​របស់លោក។ តែនៅពេល​កងកម្លាំងអ៊ុយក្រែន ទៅដល់យានដ្ឋាននោះ ការសង្គ្រោះបុរសចំណាស់ ហាក់ដូចជា​យឺតពេលទៅហើយ ដោយសារបុរសវ័យ៦៨ឆ្នាំរូបនេះ ​បានបាត់បង់ឈាមយ៉ាងច្រើន។

ទាហានអ៊ុយក្រែនម្នាក់ បានប្រាប់ទូរទស្សន៍«CNN»ថា៖

«កងកម្លាំងរបស់យើងម្នាក់ បានធ្វើដំណើរទៅកាន់ទីនោះ និងមើលដឹងថា គាត់នៅមានជីវិតនៅឡើយ។ នៅពេល​ចាប់ផ្ដើមរំរបួសឲ្យគាត់ ស្រាប់តែ​ទាហានរ៉ុស្ស៊ីបានផ្ទុះអាវុធ…។» 

កូនស្រីរបស់បុរសចំណាស់ អ្នកស្រី«Yulia Plyats» បានអះអាងថា អ្នកស្រីគ្មានភាពក្លាហាននឹងទស្សនាវីដេអូ បង្ហាញពីនាទីចុងក្រោយ នៃជីវិតរបស់​ឪពុកអ្នកស្រីខាងលើទេ តែអ្នកស្រីប្ដេជ្ញារក្សាវីដេអូនេះ ដើម្បីទុកឲ្យមនុស្ស​ជំនាន់ក្រោយ ដឹងពីអ្វីដែលបានកើតឡើង នៅពេលនេះ។ អ្នកស្រីបានរំឭកពាក្យចុងក្រោយ របស់ឪពុកអ្នកស្រី ដែល​និយាយតាមទូរស័ព្ទថា៖

«ឪពុកលាកូនហើយ និងសុំថើបកូនពីចំងាយ។ ផ្ដាំផ្ញើរពាក្យសួរសុខទុក្ខ ទៅកាន់ចៅៗរបស់ឪពុកផង៕» 

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។