ពិភពលោក

បារាំងបន្ត​ដាក់សម្ពាធ ខណៈ ត្រាំ ព្រមាន​បញ្ជូនទ័ព​ទៅ​វេណេស៊ុយអេឡា

បារាំងបន្ត​ដាក់សម្ពាធ ដោយបានរំឭកលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីវេណេស៊ុយអេឡា ក្នុងថ្ងៃអាទិត្យនេះ ជុំវិញឱសានវាទរបស់ខ្លួន ដែលបានដាក់ជាមួយប្រទេសជាច្រើន ក្នុងសហភាពអ៊ឺរ៉ុប កាលពីសប្ដាហ៍មុន។ សហរដ្ឋអាមេរិកវិញ បានអះអាងថា ខ្លួនមិនអាចផាត់ចេញនៅឡើយ នូវការសម្រេចបញ្ជូនទ័ព ទៅកាន់វេណេស៊ុយអេឡា។

ថ្លែងប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក អ្នកស្រី «Nathalie Loiseau» រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអ៊ឺរ៉ុប របស់ប្រទេសបារាំង បានឲ្យដឹងថា ៖

«ការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៨ ជាការបោះឆ្នោតបោកបញ្ឆោត ជាការសំដែងធ្វើជាការបោះឆ្នោត។ អ្វីដែលលោក ម៉ាឌូរ៉ូ បានឆ្លើយមកដល់ពេលនេះ គឺ”ខ្ញុំ (លោក ម៉ាឌូរ៉ូ) ចង់រៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រជាថ្មី” ដែលចង់មាន​ន័យថា “ខ្ញុំចង់ផាត់ចោល លោក រ៉ន់ ហ្គេឌូ (Juan Guaido) ប្រធានរដ្ឋសភាសព្វថ្ងៃ (គឺមេបក្សប្រឆាំង ដែលប្រកាសខ្លួនជាប្រធានាធិបតីស្ដីទី កាលពីសប្ដាហ៍មុន) ដែលទើបទទួលបានការគាំទ្រ ពីបាតុករកាលពីម្សិលម៉ិញ។ អញ្ចឹងចម្លើយរបស់លោក ម៉ាឌូរ៉ូ ក៏ជាការបន្លំដែរ ជាការបោកបន្លំមួយ​ដ៏ហួសចិត្ត។»

អ្នកស្រីបានបន្តថា៖

«ឱសានវាទនឹងចប់យប់នេះ។ អញ្ចឹងពីពេលនេះ រហូតដល់យប់នេះ បើលោក ម៉ាឌូរូ មិនប្រកាសរៀបចំការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតីឡើងិវញទេ យើងនឹងប្រកាសទទួលស្គាល់លោក រ៉ន់ ហ្គេឌូ ជាប្រធានាធិបតីស្ដីទីស្របច្បាប់ ដើម្បីរៀបចំការបោះឆ្នោតនេះ ជំនួសលោក ម៉ាឌូរ៉ូ។»

«ហើយយើងនឹងនៅតែចាត់ទុក លោក ហ្គេឌូ ជាប្រធានាធិបតីស្ដីទី រហូតដល់ការបោះឆ្នោតស្របច្បាប់មួយ បានធ្វើឡើង។»

បណ្ដាប្រទេសនៅទ្វីបអ៊ឺរ៉ុបសឹងតែទាំងអស់ បានប្រកាសដាក់ឱសានវាទ ទៅលោក នីកូឡា ម៉ាឌូរ៉ូ កាលពីចុងសប្ដាហ៍មុន ដើម្បីឲ្យលោកសម្រេចរៀបចំការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីឡើងវិញ ឬបើមិនដូច្នេះទេ ប្រទេសទាំងនេះ នឹងទទួលស្គាល់លោក រ៉ន់ ហ្គេឌូ មេដឹកនាំប្រឆាំង និងជាប្រធានរដ្ឋសភា ជាប្រធានាធិបតីស្ដីទីស្របច្បាប់ របស់ប្រទេសវេណេស៊ុយអេឡា។

ក្នុងថ្ងៃអាទិត្យនេះ ប្រទេសអូទ្រីស (អ៊ឺរ៉ុបកណ្ដាល) ក៏បានចេញមកអះអាង ចូលរួមក្នុងឱសានវាទនេះដែរ។

កាលពីថ្ងៃព្រហស្បត្តិ៍ សភាអ៊ឺរ៉ុបបានទទួលស្គាល់លោក ហ្គេឌូ ជាប្រមុខរដ្ឋស្ដីទីនៃប្រទេសវេណេស៊ុយអេឡា រួចជាស្រេចហើយ ខណៈសហរដ្ឋអាមេរិក កាណាដា និងបណ្ដាប្រទេសជាច្រើនទៀត នៅក្នុងទ្វីបអាមេរិកខាងត្បូង បានទទួលស្គាល់លោក ហ្គេឌូ ភ្លាមៗ បន្ទាប់ពីមេដឹកនាំប្រឆាំ បានប្រកាសខ្លួន ជាប្រធានាធិបតីស្ដីទីរួច។

ក្រៅពីបានទទួលស្គាល់មេដឹកនាំប្រឆាំង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅបានប្រមើលមើលពីការបញ្ជូនទ័ព ទៅកាន់វេណេស៊ុយអេឡាថែមទៀត។ លោក ត្រាំ បានថ្លែងដូច្នេះ នៅក្នុងកិច្ចសម្ភាសផ្ដាច់មុខមួយ ទៅឲ្យបណ្ដាញទូរទស្សន៍ «CBS»។ លោកថា៖

«ច្បាស់ណាស់ ថាវាជាជម្រើសមួយ»៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។