ពិភពលោក

បាញ់ប្រហារ នៅហូឡង់៖ ចាប់ខ្លួនខ្មាន់កាំភ្លើង – ស្លាប់យ៉ាងតិច​៣នាក់

នគរបាលនៃប្រទេសហូឡង់ បានហៅហេតុការណ៍«បាញ់ប្រហារ» ​នៅក្រុង «Utrecht» ស្ថិតនៅភាគកណ្ដាលនៃប្រទេស ថាមានទំនោរបែបភេរវកម្ម។ អង្គភាពជាតិ ដើម្បីសន្តិសុខ និងប្រឆាំងអំពើភេរវកម្ម បានអះអាងថា ការបាញ់ប្រហារ​ជាច្រើនបានកើតឡើង នៅក្នុងក្រុង ចាប់ពីម៉ោង១០និង៤៥នាទី ព្រឹកថ្ងៃចន្ទនេះមក។

អង្គភាពដដែលបានអះអាងថា បុរសម្នាក់បានបើកការបាញ់រះ ទៅលើបណ្តាជនដែលកំពុងជិះក្នុងត្រាំវេ (Tramway – យានរត់លើផ្លូវដែក របៀបដូចរថយន្តក្រុង) បណ្ដាលឲ្យមនុស្សយ៉ាងតិច៣នាក់ ស្លាប់ និងជាង១០នាក់ទៀតរងរបួស។

បន្ទាប់ពីតាមប្រមាញ់ខ្មាន់កាំភ្លើង អស់រយៈពេលជាច្រើនម៉ោង អាជ្ញាធរបានអះអាងនៅមុននេះបន្តិចថា ខ្លួនបានចាប់ខ្លួនជនសង្ស័យរួចហើយ តែមិនទាន់គិតថា មានជនប្រព្រឹត្តតែម្នាក់នោះទេ។

កាលពីវេលារសៀល អាជ្ញាធរបានផ្សាយរូបថតរបស់ជនសង្ស័យ ដើម្បីតាមស្វែងរកចាប់ខ្លួន។ ជនសង្ស័យរូបនោះ មានដើមកំណើតទួរគី និងមានអាយុ៣៧ឆ្នាំ។

បណ្ដាញទូរទស្សន៍អង់គ្លេស «BBC» ដែលផ្សាយជាភាសាទួរគី បានឲ្យដឹងថា ជនម្នាក់នេះធ្លាប់បានរស់នៅ ក្នុងតំបន់ឆេកឆិន (ភាគខាងត្បូងរ៉ុស្ស៊ី) ហើយទំនងជាត្រូវបានដាក់ក្នុងបញ្ជីខ្មៅ នៃជនដែលមានទំនាក់ទំនង ជាមួយអង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) ។

អាជ្ញាធរហូឡង់បានប្រកាស ដាក់ក្រុង «Utrecht» និងតំបន់ជុំវិញ នៅក្នុងការប្រកាសសញ្ញា ឲ្យប្រុងប្រយ័ត្នខ្ពស់បំផុត។ សុវត្ថភាពនៅតាមព្រលានយន្ដហោះ និងនៅតាមអាគារសាធារណៈសំខាន់ៗ ត្រូវបានរឹតបន្តឹង ខណៈសាលារៀនជាច្រើន បានបិទទ្វាក្នុងថ្ងៃចន្ទនេះ។

នាយករដ្ឋមន្ត្រីហូឡង់ លោក «Mark Rutte» បានបង្ហាញជំហរម៉ឺងម៉ាត់ថា៖

«យើងនឹងមិនអនុញ្ញាត ឲ្យទង្វើខ្វះការអត់ឱនរបៀបនេះ ទទួលជ័យជំនះឡើយ៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។