ពិភពលោក

អាមេរិក៖ ផ្ទុះរថយន្ដកំពីង​ ក្នុងក្រុង​«Nashville» ព្រហាម​ថ្ងៃណូអែល

បើតាមនគរបាល បានឲ្យដឹងថា ការផ្ទុះរថយន្ដកំពីង ក្នុងក្រុង«Nashville» (រដ្ឋ«Tennessee») កាលពីព្រឹកព្រហាមថ្ងៃសុក្រនេះ ទំនងជាទង្វើដែល«គ្រោងទុកជាមុន»។ អាគារនៅជុំវិញ ប្រមាណជាង២០អាគារ បានរងការខូតខាតស្រាល (បែកកញ្ចាក់បង្អួច) តែរថយន្ដដែលចតក្បែរនោះ បានរងការខូចខាតធ្ងន់ធ្ងរ។

នគរបាលបានឲ្យដឹងទៀតថា ការផ្ទុះដ៏គួរឲ្យរន្ធត់នោះ បានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទីព្រឹក ខណៈមនុស្សម្នា​កំពុងបន្ត​លង់លក់​ក្នុងដំណេក បន្ទាប់ពីការជួបជុំ​ទទួលទានអាហារ នៅយប់មុនថ្ងៃណូអែល។ លោក «Don Aaron» អ្នកនាំពាក្យនគរបាល​ក្រុង«Nashville» បានបញ្ជាក់ថា៖

«នគរបាលមួយក្រុម ត្រូវបានបញ្ជូនទៅកាន់សង្កាត់នោះ ជុំវិញសេចក្ដីរាយការណ៍ ពីការផ្ទុះអាវុធ ហើយបានប្រទះឃើញរថយន្ដកំពីង ចតចោលនៅទីនោះ និងបានសំដែងការសង្ស័យ (…) ភ្លាមៗ នគរបាលក៏បានជម្លៀសបណ្ដាជន ចេញពីអាគារ​ដែលនៅជុំវិញ។»

សារព័ត៌មានក្នុងតំបន់ បានស្រង់ប្រភពពីភ្នាក់ងារជួយសង្គ្រោះ មកបញ្ជាក់ថា មនុស្សយ៉ាងតិចចំនួន៣នាក់ ដែលរងរបួសស្រាល ត្រូវបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ។ សង្កាត់ទាំងមូល ត្រូវបានឡោមព័ទ្ធ ដោយកងកម្លាំងអាជ្ញាធរ។ ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ «FBI» ក៏បានចាប់ផ្ដើម​ធ្វើការស៊ើបអង្កេត ចំពោះការផ្ទុះនេះដែរ។

សេតវិមានឯណោះ បានប្រកាសថា លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីជិតផុតអាណត្តិ នៃសហរដ្ឋអាមេរិក ត្រូវបានជូនដំណឹងរួចហើយ អំពីការផ្ទុះ​និងស្ថានការណ៍ នៅជុំវិញហេតុការណ៍ខាងលើ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។