«មិនចុះចាញ់ដាច់ខាត» លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីចប់អាណត្តិ បានថ្លែងដូច្នេះ ទៅកាន់អ្នកគាំទ្រលោក ដែលបានប្រមូលគ្នាជាច្រើនពាន់ពាន់ ដើម្បីធ្វើបាតុកម្ម មុននឹងឈានដល់ ការចូលកាន់កាប់វិមានកាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅរសៀលថ្ងៃពុធទី៦ ខែមករានេះ។
ក្នុងវិមាននោះ សភាទាំងពីរថ្នាក់របស់សហរដ្ឋអាមេរិក កំពុងជួបប្រជុំគ្នា ដើម្បីរាប់សន្លឹកឆ្នោត របស់អង្គបោះឆ្នោត រួចប្រកាសជាផ្លូវការ និងចុងក្រោយ នូវជ័យជំនះរបស់លោក ចូ បៃដិន (Joe Biden) ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីដើមខែវិច្ឆិកា។
នៅចំពោះអ្នកគាំទ្រ លោក ដូណាល់ ត្រាំ បានថ្លែងអះអាងថា៖
«យើងបានឈ្នះការបោះឆ្នោតនេះ ហើយថែមទាំងឈ្នះ បានយ៉ាងភ្លូកទឹកភ្លូកដីផងទៀត។»
បើតាមសម្លេងឆ្នោត របស់អង្គបោះឆ្នោត ដែលទទួលបានពីរដ្ឋនានា បង្ហាញថា លោក ចូ បៃដិន ទទួលបាន៣០៦សម្លេង ខណៈលោក ត្រាំ ទទួលបាន២៣២សម្លេង។
សមាជិកព្រឹទ្ធសភាមួយចំនួន មកពីគណបក្សសាធារណរដ្ឋ បានសន្យាជាមួយលោក ត្រាំ ថានឹងធ្វើការជំទាស់ ចំពោះសម្លេងឆ្នោត របស់អង្គបោះឆ្នោតទាំងនេះ។ តែការជំទាស់ នឹងមិនមានទម្ងន់អ្វី ដែលអាចធ្វើឲ្យមានការផ្លាស់ប្ដូរ ក្នុងនីតិវិធីរបស់អង្គប្រជុំនោះទេ ដោយហេតុថា សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ ជាច្រើននាក់ផ្សេង មិនយល់ស្របតាម។
លោក ត្រាំ បានថ្លែងពីសមាជិកព្រឹទ្ធសភា ដែលមិនស្របនឹងលោកទាំងនោះថា៖
«យើងមានសមាជិកព្រឹទ្ធសភាខ្សោយ ច្រើននាក់ណាស់។ ពួកគេទាំងនោះ គួរឲ្យអាណិតមែនទែន។»
ប៉ុន្តែលោក ត្រាំ បានប្រាប់អនុប្រធានាធិបតីរបស់លោក គឺលោក មៃ ផេន (Mike Pence) ដែលធ្វើជាប្រធានអង្គប្រជុំខាងលើ ថាត្រូវបដិសេធជ័យជំនះ របស់លោក បៃដិន។ លោកប្រធានាធិបតីចប់អាណត្តិ និយាយថា៖
«បើ មៃ ផេន ធ្វើរឿងល្អនោះ យើងពិតជាឈ្នះការបោះឆ្នោត។ បើសិនជាគាត់មិនធ្វើអញ្ចឹងទេ វាជាថ្ងៃដ៏អាណោចអាធមណាស់ សម្រាប់ប្រទេសរបស់យើង (…) ខ្ញុំពិតជាខកចិត្តយ៉ាងខ្លាំង។»
រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក បានចែងថា ប្រធានអង្គប្រជុំ (ដែលពេលនេះ ជាលោក មៃ ផេន) មានតួនាទីត្រឹមជានិមិត្តរូបប៉ុណ្ណោះ។ តួនាទីនោះ គឺ«បើក»លិខិតបញ្ជាក់ ដែលអះអាងពីសម្លេងឆ្នោត នៅតាមរដ្ឋនីមួយៗ និងមិនមានសិទ្ធិជំទាស់ ឬធ្វើការតវ៉ាអ្វីទេ។ ការជំទាស់ ឬការតវ៉ា ជាតួនាទីរបស់សមាជិកសភា និងសមាជិកព្រឹទ្ធសភា។
យ៉ាងណា នៅចំពោះហ្វូងមនុស្ស ដ៏សន្ធឹកសន្ធាប់ លោក ដូណាល់ ត្រាំ នៅតែបន្តចោទប្រកាន់ អំពីការលួចបន្លំសន្លឹកឆ្នោត ដូចដែលលោក ធ្លាប់បានធ្វើ ជាច្រើនដងរួចមកហើយ។ តែការចោទប្រកាន់របស់លោកកន្លងមក តែងត្រូវបានតុលាការច្រានចោល ដោយសារគ្មានភស្ដុតាងដាក់បន្ទុក៕