បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដេន (Joe Biden) បានក្លាយជា«ប្រធានាធិបតីទី៤៦» នៃសហរដ្ឋអាមេរិក បន្ទាប់ពីលោកទទួលបានការគាំទ្រ លើសពី២៧០សម្លេង នៃអង្គបោះឆ្នោត (អ្នកតំណាងម្ចាស់ឆ្នោត) ឈ្នះនាំមុខដាច់ លើលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីចប់អាណត្តិ និងជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ។
តាមការអះអាង របស់ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានធំៗ ដូចជា «AP» «Fox News» ឬ «CNN» ជាដើម បានឲ្យដឹងថា ក្នុងថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកានេះ រដ្ឋ«Pennsylvania»ដែលមានអង្គបោះឆ្នោត រហូតដល់២០ បានបញ្ចប់ការរាប់សន្លឹកឆ្នោតទាំងស្រុង និងបានផ្ដល់ជ័យជំនះ ឲ្យទៅលោក បៃដេន។
នៅមុនអត្ថបទនេះចេញផ្សាយបន្តិច រដ្ឋ«Navara» ដែលមានអង្គបោះឆ្នោត ចំនួន៦សម្លេង ក៏បានបញ្ចប់ការរាប់សន្លឹកឆ្នោត និងបានផ្ដល់ជ័យជំនះ សម្រាប់បេក្ខជនពីគណបក្សប្រជាធិបតេយ្យរូបនេះដែរ។
ជារួម មកដល់នាទីនេះ លោក ចូ បៃដេន បានឈ្នះអង្គបោះឆ្នោត ចំនួន២៩០ ខណៈលោក ដូណាល់ ត្រាំ ទទួលបានត្រឹមតែ ២១៤ប៉ុណ្ណោះ។ ប៉ុន្តែចំនួនអង្គបោះឆ្នោត អាចនឹងកើនឡើង ឬនៅនឹងដដែល នៅពេលរដ្ឋចំនួនបីទៀត (Georgia, North Carolina និង Alaska) បញ្ចប់ការរាប់សន្លឹកឆ្នោត។
មានអាយុ៧៧ឆ្នាំ លោក ចូ បៃដេន ធ្លាប់ជាអនុប្រធានាធិបតី រវាងពីឆ្នាំ២០០៩ មកទល់ឆ្នាំ២០១៧ ក្នុងអាណត្តិទាំងពីរ របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)។ បើតាមនីតិវិធីផ្លូវការ លោក បៃដេន នឹងចូលស្បថឡើងកាន់តំណែង ជា«ប្រធានាធិបតីទី៤៦»នៃប្រទេសមហាអំណាច ក្នុងខែមករា ឆ្នាំ២០២១ខាងមុខ៕