យន្ដហោះប្រភេទ «Airbus A321» ដែលមានមនុស្សជិះទាំងអស់ ២៣៣នាក់ បានចុះចតជាបន្ទាន់ ក្នុងតំបន់មួយក្បែររដ្ឋធានី មូស្គូ បន្ទាប់ពីយន្ដហោះបានហោះ បុកហ្វូងសត្វស្លាប។ តុល្យភាពដំបូង ដែលបានប្រកាសឲ្យដឹង បានអះអាងថា មានមនុស្ស២៣នាក់ បានរងរបួស និងគ្មានអ្នកស្លាប់ទេ។
សេចក្ដីប្រកាសព័ត៌មានមួយ របស់អាជ្ញាធរសហព័ន្ធ នៃអាកាសចរណ៍ស៊ីវិលរ៉ុស្ស៊ី «Rosaviatsia» បានឲ្យដឹងថា យន្ដហោះខាងលើ ដែលជាកម្មសិទ្ធិ របស់ក្រុមហ៊ុនអាកាសចរណ៍រ៉ុស្ស៊ី «Ural Airlines» បានបុកជាមួយហ្វូងសត្វត្រជៀកកាំ នៅពេលយន្ដហោះបានហោះងើបខ្លួន ពីព្រលានយន្ដហោះ «Moscou Joukovski»។
អាជ្ញាធរ «Rosaviatsia» បានបន្តថា៖
«បើតាមព័ត៌មានបឋម បានអះអាងថា នៅក្នុងយន្ដហោះមានអ្នកដំណើរ ២២៦នាក់ និងបុគ្គលិកយន្ដហោះ ៧នាក់។»
យន្ដហោះ «AirBus» នឹងត្រូវហោះទៅកាន់ក្រុង «Simféropol» នៃឧបទ្វីបគ្រីមៀ (Crimea) របស់ប្រទេសអ៊ុយក្រែន ដែលត្រូវបានប្រទេសរ៉ុស្ស៊ី ដណ្ដើមយកទៅកាន់កាប់ កាលពីឆ្នាំ២០១៤។
ហេតុការណ៍តម្រូវឲ្យអ្នកបើកបរយន្ដហោះ សម្រេចចុះចតជាបន្ទាន់ នៅលើចំការពោតដ៏ធំមួយ នៅចំងាយប្រមាណជា១គីឡូម៉ែត្រ ពីព្រលានយន្ដហោះ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិល បានអះអាងទៀតថា សត្វស្លាបជាច្រើនក្បាល បានជាប់នៅក្នុងម៉ាស៊ីនប្រតិកម្ម របស់យន្ដហោះ បណ្ដាលឲ្យកង្ហារបស់ម៉ាស៊ីន មិនអាចដើរបានល្អ។
«យន្ដហោះបានចុះចត ដោយមិនបានទម្លាក់កង់។ មិនមានអគ្គិភ័យ បានឆាបឆេះ នៅក្នុងយន្ដហោះទេ។»
បើតាមក្រសួងសុខាភិបាលរ៉ុស្ស៊ី បានបន្ថែមថា មនុស្ស២៣នាក់ ក្នុងនោះ៩នាក់ជាកុមារ បានរងរបួស និងត្រូវបញ្ជូនទៅព្យាបាល នៅឯមន្ទីរពេទ្យ។ តួលេខខាងលើនេះ បានចេញផ្សាយក្រោយពីតុល្យភាពភ្លាមៗ ដែលបានប្រកាសថា មានមនុស្សតែ១០នាក់ទេ ដែលរងរបួស៕