ពិភពលោក

វីដេអូដ៏តក់ស្លុត នៃការទន្ទ្រានវិមានសភាអាមេរិក បញ្ចាំងក្នុងសវនាការ ត្រាំ

វីដេអូដ៏តក់ស្លុត នៃការទន្ទ្រានវិមានកាពីតូល ដែលមានរយៈពេលច្រើនជាង១៣នាទី ត្រូវបានក្រុមរដ្ឋអាជ្ញា មកពីគណបក្ស​ប្រជាធិបតេយ្យ ចាក់បញ្ចាំងក្នុងសវនាការថ្ងៃដំបូង ដើម្បីឈានទៅ​បណ្ដេញលោក ដូណាល់ ត្រាំ (Donald Trump) ចេញពី​អំណាច ដែលប្រព្រឹត្តិទៅ​ក្នុងព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈនេះ។

ប្រយ័ត្ន៖ វីដេអូដ៏តក់ស្លុត អាចធ្វើឲ្យប៉ះពាល់អារម្មណ៍

រូបភាពវីដេអូដ៏វែងអន្លាយ តែត្រូវបានបង្រួម មកត្រឹមជាង១៣នាទី ជាការកាត់តភ្ជាប់គ្នា រវាងវីដេអូដែលទទួលបាន ពីច្រើនប្រភព ក្នុងនោះមានវីដេអូផ្លូវការ នៃរដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ វីដេអូនៃកាម៉េរ៉ាសុវត្ថិភាព​របស់វិមាន​កាពីតូល វីដេអូនៃ​កាម៉េរ៉ាសុវត្ថិភាព​របស់ភ្នាក់ងារនគរបាល និងវីដេអូរបស់ក្រុមកុបករ ដែលបានថតផ្ទាល់ ពេលពួកខ្លួន​ចូលមកកាន់កាប់វិមានកាពីតូល កាលពីថ្ងៃទី៦ ខែមករាកន្លងទៅ។

ពីក្នុងរូបភាព​វីដេអូទាំងនោះ គេឃើញសមាជិកព្រឹទ្ធសភា លោក មីដ រូមនី (Mitt Romney) ដែលធ្លាប់ជាបេក្ខជនប្រធាធិបតី មកពីគណបក្សសាធារណរដ្ឋ និងលោក ម៉ៃ ផេន (Mike Pence) អនុប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ រត់ភៀសខ្លួន គេចចេញពីការសម្រុកចូល នៃក្រុមកុបករ ដែលស្រែករកពួកលោក។

តាមរយៈវីដេអូនេះ ក្រុមរដ្ឋអាជ្ញា​ដែលជាអ្នកចោទប្រកាន់ មានបំណងដាក់ការទទួលខុសត្រូវ ទៅលើលោក ដូណាល់ ត្រាំ នៅក្នុង​ការទន្ទ្រានចូលវិមានកាពីតូល ដោយហៅអតីតប្រធានាធិបតីទី៤៥រូបនេះ ថាជា«មេញុះញង់» នៃព្រឹត្តិការណ៍ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដែលបានបណ្ដាល​ឲ្យមនុស្ស​៧នាក់ស្លាប់ និងជាង១៤០នាក់រងរបួស។

ខាងក្រោមនេះ ជាវីដេអូមួយទៀត ថតដោយអ្នកសារព័ត៌មាន នៃទស្សនាវដ្ដី «The New Yorker» ដែលបានស្ថិតក្នុងហ្វូងកុបករ ដើម្បីថតពីព្រឹត្តិការណ៍ខាងលើនេះ៖

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។