បាល់ទាត់

នាយកក្រុម ប៉ារីស រងការជេរប្រមាថ ពេលទៅដល់​ក្រុង បាសឺឡូន

លោក«Nasser al-Khelaïfi» នាយកក្រុម ប៉ារីស (Paris Saint-Germain – បារាំង) បានរងការជេរប្រមាថ ពីបណ្ដាអ្នកគាំទ្រក្រុម បាសឺឡូន (FC Barcelone – អេស្ប៉ាញ) នៅពេលលោកនិងក្រុមបាល់ទាត់ បានធ្វើដំណើរទៅដល់សណ្ឋាគារក្នុងក្រុង បាសឺឡូន ក្នុងរសៀលថ្ងៃចន្ទ ដើម្បីត្រៀមប្រកួតក្នុងវគ្គ១ភាគ៨ ជុំទីមួយ ក្របខណ្ឌ «Champions League»។

ការប្រកួតដ៏សំខាន់ នឹងប្រព្រឹត្តិទៅ​នៅម៉ោង២១ (ម៉ោងក្នុងប្រទេសអេស្ប៉ាញ) យប់ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១​នេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអេស្ប៉ាញ បានថតពីហេតុការណ៍ជេរប្រមាថ នៅពេលលោក«Nasser al-Khelaïfi» ដើរចេញពីរថយន្ដ ដែលដឹកក្រុមកីឡាករ និងថ្នាក់ដឹកនាំរបស់ក្រុម ប៉ារីស ទៅដល់សណ្ឋាគារមួយ នៃក្រុង បាសឺឡូន។ បណ្ដាអ្នកគាំទ្រក្រុម បាសឺឡូន ដែលមានវត្តមានរប៉េះរប៉ោះ នៅទីនោះបាននាំគ្នាស្រែករំពងឡើង ដោយប្រើពាក្យជេរប្រមាថធ្ងន់ៗ ទៅលើលោក«នាយកក្រុម»បាល់ទាត់។

ពាក្យដែលគេស្ដាប់ឮ មានដូចជា «អាមេចោរ កុំប៉ះពាល់ ម៉េស៊ី (Lionel Messi) !» ឬ«កូនមីសំ… !» ជាដើម។

រឿងរ៉ាវ​បានកើតឡើង តាំងពីច្រើនសប្ដាហ៍មកហើយ ជុំវិញកំពូលខ្សែប្រយុទ្ធ កីឡាករ លីយ៉ូនែល ម៉េស៊ី របស់ក្រុម បាសឺឡូន។ នោះ គឺនាយកគ្រប់គ្រងផ្នែកកីឡា​របស់ក្រុម ប៉ារីស លោក ឡេអូណាដូ (Leonardo) បានផ្ដល់​កិច្ច​សម្ភាស​​ទៅឲ្យសារព័ត៌មាន​ក្នុងប្រទេសបារាំង ដោយអះអាងថា ក្រុម ប៉ារីស ត្រៀមយកកីឡាករ ម៉េស៊ី មកទាត់​ឲ្យខ្លួន។

បន្ថែមពីលើកិច្ចសម្ភាសខាងលើ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត ក្នុងប្រទេសបារាំង នៅបានចេញផ្សាយ​របាយការណ៍ ជាបន្តបន្ទាប់ ដោយបង្ហាញ​​ការជឿជាក់ថា កីឡាករ ម៉េស៊ី នឹងជ្រើសរើស​យកក្រុម ប៉ារីស ប្រសិនជាកំពូល​ខ្សែប្រយុទ្ធ​រូបនេះ ចាកចេញពីក្រុម បាសឺឡូន។

កិច្ចសន្យារវាងកីឡាករម្ចាស់បាល់មាស់ ៦ជំនាន់ និងក្រុម បាសឺឡូន នឹងចប់នៅចុងរដូវកាលខាងមុខ (ខែមិថុនា ឆ្នាំ​២០២១)។ មកដល់ម៉ោងនេះ នៅមិនទាន់មានដំណឹងថា កំពូលខ្សែប្រយុទ្ធរូបនេះ នឹងបន្តកិច្ចសន្យារបស់ខ្លួន ជាមួយ​ក្រុមអ្នកមានបុណ្យ ដែលខ្លួនបានទាត់ឲ្យ តាំងពីឆ្នាំ២០០៤ មកនេះនៅឡើយ។

ការលើកឡើង​ប៉ះពាល់ដល់កីឡាករ ម៉េស៊ី ដែលត្រូវបានក្រុម បាសឺឡូន និងអ្នកគាំទ្រ ចាត់ទុកដូចជា​«ព្រះរស់» មិនបាន​ធ្វើឲ្យពួកគេ​​សប្បាយចិត្ត​សូម្បីបន្តិច។ ម្ដងហើយម្ដងទៀត ក្រុម បាសឺឡូន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ​ដែលស្និត​នឹងក្រុមបាល់ទាត់ បានប្រតិកម្ម​តបវិញថា ការទម្លាយរឿងរ៉ាវខាងលើ ជា«យុទ្ធសាស្ត្រ»របស់ក្រុម ប៉ារីស ក្នុងសង្គ្រាម​«ចិត្តសាស្ត្រ»មួយ នៅមុនការប្រកួត វគ្គ១ភាគ៨ ជុំទីមួយនេះ​មកដល់៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។