លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelensky) តារាកំប្លែង និងមិនដែលប្រឡូកក្នុងវិស័យនយោបាយសោះ បានទទួលជ័យជំនះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន ក្នុងថ្ងៃអាទិត្យនេះ។
បើតាមការស្ទង់មតិ នៅក្នុងការរាប់សន្លឹកឆ្នោត ដែលចេញផ្សាយឲ្យដឹងនៅមុខនេះ បានអះអាងថា លោក ហ្សេឡេនស្គី ទទួលបានសម្លេងគាំទ្រ ប្រមាណជា ៧៣,២% នាំមុខលោក ប៉េត្រូ ប៉ូរ៉ូឆេនកូ (Petro Porochenko) ប្រធានាធិបតីផុតតំណែង ដែលទទួលបានសម្លេងគាំទ្រ ប្រមាណតែ ២៥,៣% ប៉ុណ្ណោះ។
លោក ហ្សេឡេនស្គី បានថ្លែងនៅចំពោះបណ្ដាអ្នកគាំទ្ររាប់សិបនាក់ កាលពីក្បាលព្រលប់នេះ បន្ទាប់ពីការស្ទង់មតិ ចាប់ផ្តើមចេញលទ្ធផលបណ្ដើរៗថា៖
«ខ្ញុំសន្យាចំពោះអ្នកទាំងអស់គ្នា ថាខ្ញុំនឹងមិនបោះបង់អ្នក ចោលសោះឡើយ។»
ជ័យជំនះរបស់អតីតតារាកំប្លែង អាយុ៤១ឆ្នាំ បង្ហាញពីការក្ដៅក្រហាយ ចំពោះការដឹកនាំរបស់លោកប្រធានាធិបតីផុតតំណែង ដែលក្នុងអាណត្តិរបស់លោក ត្រូវបានកត់សម្គាល់ និងញ៉ាំញ៉ី ដោយសង្គ្រាមបំបែកទឹកដី ដោយក្រុមស្និតប្រទេសរ៉ុស្ស៊ី នៅភាគខាងកើត៕