ពិភពលោក

អតីតអគារ​សណ្ឋាគារកាស៊ីណូ​មួយ ​របស់ ត្រាំ ត្រូវបាន​កម្ទេច

អតីតអគារ​សណ្ឋាគារកាស៊ីណូ​មួយ របស់លោក ដូណាល់ ត្រាំ (Donald Trump) និងសហគ្រាសរបស់លោក ស្ថិតក្នុងក្រុង អាត្លង់ទិក​ស៊ីធី (Atlantic City) នៃតំបន់ឆ្នេរខាងកើត សហរដ្ឋអាមេរិក ត្រូវបានកម្ទេច​ឲ្យក្លាយជា​គំនរដុំថ្ម ក្នុងថ្ងៃពុធទី១៧ ខែកុម្ភៈនេះ ដោយប្រើសារជាតិបំផ្ទុះ ឌីណាមិច (Dynamite) ប្រមាណជា៣០០០ដុំ។

សណ្ឋាគារកាស៊ីណូនេះ ដែលមានពីរអគារ ធ្លាប់ជាកម្មសិទ្ធិដំបូងរបស់លោក ត្រាំ ដែលបានបើកទ្វា តាំងពីខែឧសភា ឆ្នាំ១៩៨៤ ដោយ​មានឈ្មោះថា «Trump Plaza»។ ប៉ុន្តែចាប់ឆ្នាំ២០១៤មក អាគារទាំងពីរគ្មានសកម្មភាពអ្វីទេ ដោយ​ត្រូវបាន​ទុកចោល និងគ្មានការថែទាំ​​ឬជួសជុលអ្វីទាំងអស់។

ក្នុងឆ្នាំ២០១៦ អាគារ«Trump Plaza» ទទួលបានម្ចាស់ថ្មី គឺលោក «Carl Icahn» ដែលធ្លាប់ជាអ្នកផ្គត់ផ្គង់​ហិរញ្ញវត្ថុ ដ៏សំខាន់មួយ សម្រាប់​សហគ្រាសលោក ត្រាំ កាលពីទសវត្សរ៍កន្លងមក។ តែជរាភាព​នៃអគារទាំងពីរ បានតម្រូវ​ឲ្យអភិបាលក្រុង អាត្លង់ទិកស៊ីធី លោក «Marty Small» ដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីស្នើឲ្យ​កម្ទេចអគារនេះ យ៉ាងយូរបំផុត ក្នុងខែកុម្ភៈ​ ឆ្នាំ២០២១។

នៅពេលមានខ្យល់ព្យុះសមុទ្រ បក់បោកមកម្ដងៗ ផ្ទាំងថ្ម ការ៉ូ ឬកញ្ចក់ ដែលត្រូវបានបិតជាប់ នៅជុំវិញអាគារ បាន​ធ្លាក់ចុះមកក្រោម ជាពិសេសមកលើឆ្នេរកម្សាន្ដ ដែលអាចបង្ករគ្រោះ ដល់អ្នកដំណើរ ឬអ្នកដើរកម្សាន្ដ នៅជុំវិញ។

កាលពីឆ្នាំ២០១៤ លោក ដូណាល់ ត្រាំ (ពីរឆ្នាំមុនលោក​ក្លាយជា​ប្រធានាធិបតីអាមេរិក) បានទទួលការសម្រេច​ពី​តុលាការ ដើម្បីឲ្យគេ​ដកឈ្មោះលោក ចេញពីអគារ ដោយ​លោកគិតថា គ្រឹះស្ថានដែលគ្មានសកម្មភាពមួយនេះ អាច​ធ្វើឲ្យខូច​ដល់រូបភាព និងកិត្តិយស របស់សហគ្រាស​លោក។

អាគារត្រូវបានកម្ទេច នៅម៉ោង៩ព្រឹក (ម៉ោងក្នុងស្រុក) ថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយការផ្ដិតយករូបភាព និងវីដេអូ ពីអ្នកសារព័ត៌មាន យ៉ាងច្រើនកុះករ។ ការវាយកម្ទេច ធ្វើឡើងមិនដល់១ខែផងទេ បើរាប់ពីពេល ដែល​លោក ត្រាំ បាន​ចាកចេញ​ពីសេតវិមាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។