ពិភពលោក

ត្រាំ ថារដ្ឋបាលអាមេរិកមិន​ពាក់ព័ន្ធ​នឹង​«ការឈ្លានពាន»​នៅ​វេណេស៊ុយអេឡា

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានអះអាង ក្នុងថ្ងៃអង្គារនេះថា រដ្ឋាភិបាល​​របស់លោក មិនជាប់ពាក់ព័ន្ធនឹង«ការឈ្លានពាន» ឬ«ការប៉ុនប៉ងឈ្លានពាន»​ណាមួយ តាមផ្លូវសមុទ្រ នៅប្រទេស​វេណេហ្ស៊ុយអេឡានោះទេ។

កាលពីថ្ងៃចន្ទ លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីក្នុងតំណែង របស់ប្រទេស​វេណេហ្ស៊ុយអេឡា បានបង្ហាញទាហានអាមេរិកាំង​ពីររូប ពីក្នុងចំណោម​ទាហាន​ចំនួន​១៥នាក់ ដែលត្រូវបាន​កងទ័ព​​វេណេហ្ស៊ុយអេឡា​ចាប់ខ្លួន។

ទាហានទាំងពីរនោក់ ត្រូវបាន​ប្រទេ​ស​វេណេហ្ស៊ុយអេឡា​ចាត់ទុកថា ជាសមាជិក​​​កងកម្លាំង​ការពារសន្តិសុខ របស់លោក ដូណាល់ ត្រាំ។ ពួកគេត្រូវបានបង្ហាញ ថាមាន​ឈ្មោះ «Luke Denman» អាយុ៣៤ឆ្នាំ និងឈ្មោះ «Airan Berry» អាយុ៤១ឆ្នាំ។

តែនៅថ្ងៃអង្គារនេះ លោក ដូណាល់ ត្រាំ បានថ្លែងពីសេតវិមានមកថា លោកទើបនឹង​ត្រូវបាន​គេជូនដំណឹង ពីបញ្ហាខាងលើ។ លោកអះអាងបន្តថា៖

«បើយើងមានជាប់ពាក់ព័ន្ធ យើងនឹងប្រកាសទទួលស្គាល់ តែករណីនេះ មិនមាន​ជាប់​ពាក់ព័ន្ធអ្វី ជាមួយ​នឹង​រដ្ឋាភិបាលយើងទេ។»

ក្នុងថ្ងៃចន្ទដដែល ស្ថាប័នអយ្យការនៃប្រទេសវេណេហ្ស៊ុយអេឡា បានធ្វើការចោទប្រកាន់ មេដឹកនាំប្រឆាំង លោក រ៉ន់ ហ្គេដូ (Juan Guaido) ថាបានប្រើប្រាក់ ពីប្រទេស​ប្រេងកាត​មួយចំនួន ដែលរងទណ្ឌកម្មអាមេរិក ដើម្បីជ្រើសរើស «ទាហានស៊ីឈ្នួល» ឲ្យប៉ុនប៉ងធ្វើ «ការឈ្លានពាន»​តាមដែនសមុទ្រ ប្រឆាំងនឹងប្រទេសវេណេហ្ស៊ុយអេឡា។

ការចោទប្រកាន់នេះ ធ្វើឡើងជាងមួយឆ្នាំ ក្រោយការអំពាវនាវរបស់លោក រ៉ន់ ហ្គេដូ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ឲ្យស្នើឲ្យកងទ័ពងើបបះបោរ ប្រឆាំងនឹងលោក នីកូឡា ម៉ាឌូរ៉ូ ដែលមេដឹកនាំប្រឆាំង ហៅថាជា«ចោរប្លន់អំណាច»។

ក្នុងរយៈពេលចុងក្រោយនេះ លោក នីកូឡា ម៉ាឌូរ៉ូ បានសំដែងការពេញចិត្ត ពេញថ្លើម​របស់​លោក នៅចំពោះការគាំទ្រ ពីសំណាក់មេបញ្ជាការកងទ័ព វេណេហ្ស៊ុយអេឡា ដែល​គ្មាន​នរណាផ្សេង ក្រៅពីមនុស្សជំនិត​របស់លោក ដែលត្រូវបានលោក​តែងតាំងឡើង។ មេដឹកនាំក្រាញអំណាចរូបនេះ នៅបានអបអរសាទរផងដែរ ចំពោះការគាំទ្រទាំងឡាយ ដែលលោកទទួលបាន ពីប្រទេសចិន រ៉ុស្ស៊ី និងប្រទេសគុយបា៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។