ពិភពលោក

មហាក្សត្រីយានី អេលីហ្សាប៊ែត សោយ​ទិវង្គត ក្នុងជន្មាយុ​៩៦ព្រះវស្សា

ព្រះមហាក្សត្រីយានី របស់ចក្រភពអង់គ្លេស ព្រះនាង អេលីហ្សាប៊ែត ទី២ (Elizabeth 2) បានសោយទិវង្គត ក្នុងជន្មាយុ​៩៦ព្រះវស្សា នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២។ នេះ បើតាមការប្រកាសឲ្យដឹង របស់ព្រះបរមរាជវាំង «Buckingham Palace» នៅមុននេះបន្តិច។

នៅប៉ុន្មានខែចុងក្រោយនេះ ព្រះសុខភាពរបស់ព្រះមហាក្សត្រីយានី បានចុះថមថយជាលំដាប់។ ក្នុងខួបលើកទី៧០ នៃការគ្រងរាជ្យរបស់ព្រះអង្គ ដែលធ្វើឡើង កាលពីខែមិថុនា (ឆ្នាំ២០២២) ព្រះអង្គ អេលីហ្សាប៊ែត បានបង្ហាញព្រះកាយជាសាធារណៈ យ៉ាងតិចបំផុត។ ទ្រង់បានទៅគង់ នៅព្រះរាជដំណាក់ «Balmoral» ដែលស្ថិតនៅភាគខាងជើង នៃចក្រភពអង់គ្លេស និងនៅសែនឆ្ងាយពីព្រះបរមរាជវាំង «Buckingham»។

កាលពីព្រឹក ថ្ងៃព្រហស្បត្តិ៍ដដែល ព្រះបរមរាជវាំងបានប្រកាសឲ្យដឹងថា ក្រុមរាជពេទ្យរបស់ទ្រង់ បានសំដែង«ការខ្វាយខ្វល់»ខ្លាំងណាស់ ចំពោះស្ថានភាពនៃព្រះរាជសុខភាពរបស់ព្រះអង្គ។ 

ក្នុងជន្មាយុ​៩៦ព្រះវស្សា

ស្ដេចចក្រភពដ៏មានឥទ្ធិពលអង្គនេះ បានគង់នៅលើរាជ្យបល្ល័ង្គ អស់រយៈពេល៧០ឆ្នាំ រាប់ចាប់តាំងពីពេលឡើងសោយរាជ្យ កាលពីខែកុម្ភៈ ឆ្នាំ១៩៥២ ដោយស្នងរាជ្យពីព្រះរាជបិតាទ្រង់ គឺព្រះបាទ ហ្សក ទី៦ (George VI)។ រយៈពេលនៃការសោយរាជ្យនេះ មានអាយុកាលវែងជាងរជ្ជកាល នៃព្រះមហាក្សត្រអង់គ្លេសណាៗទាំងអស់។

ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែត ទី២ មិនត្រឹមជាព្រះមហាក្សត្រី នៃរាជាណាចក្រសហព័ន្ធ (United Kingdom) ដែលមានរួម៣ប្រទេសនោះទេ តែព្រះនាងក៏ជាព្រះប្រមុខរដ្ឋ នៃក្រុមប្រទេស «Commonwealth» ដែលមានសមាជិក៥៦ប្រទេស នៅជុំវិញពិភពលោកផងដែរ។

រជ្ជកាស៧០ឆ្នាំរបស់ទ្រង់ មាននាយករដ្ឋមន្ត្រីចំនួន១៦នាក់ និងបានឆ្លងកាត់ ព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងនោះមានការចូល របស់ចក្រភពអង់គ្លេស ជាសមាជិករបស់សហភាពអ៊ឺរ៉ុប (EU) នៅឆ្នាំ១៩៧៣ មុននឹងចាកចេញទៅវិញ នៅឆ្នាំ២០២០។

ព្រះមហាក្សត្រីយ៉ានី ក៏រងសង្គ្រាមប៉ាកកាមិនតិចដែរ ដូចយ៉ាងការរិះគន់ទ្រង់ នៅក្រោយមរណភាព នៃម្ចាស់ក្សត្រី ដាយ៉ាណា (Diana) ដែលជាអតីតព្រះសុណិសារបស់ព្រះអង្គ និងជាពិសេសការរិះគន់ ដែលធ្វើឡើងដោយព្រះរាជនត្តារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ហារី (Harry) និងអ្នកម្នាង ម៉េហ្គាន ម៉េខល (Meghan Markle) នោះតែម្ដង។

នៅខែមេសា ឆ្នាំ២០២១ ព្រះមហាក្សត្រីបានប្រឈមទុក្ខសោកសង្រេង នឹងការសោយទិវង្គត របស់ព្រះអង្គម្ចាស់ ហ្វីលីព (Philip) ព្រះស្វាមីដែលទ្រង់បានរៀបអភិសេកជាមួយ តាំងពី៧៣ឆ្នាំមុន៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។