ពិភពលោក

វ៉ាស៊ីនតោន​ប៉ុស្ដិ៍ ៖ មនុស្សជំនិត​ ហ្គេដូ ជួល​ទាហាន​ស៊ីឈ្នួល​ឲ្យរំលំ​ ម៉ាឌូរ៉ូ

មេដឹកនាំបក្សប្រឆាំង លោក រ៉ន់ ហ្គេដូ (Juan Guaidó) កំពុងជាប់ ក្នុងសំនុំរឿងដ៏ប្រទាំងប្រទើសថ្មីមួយ បន្ទាប់ពីសារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្ដិ៍ (Washington Post) បានរកឃើញថា មនុស្សជំនិតរបស់លោក ហ្គេដូ បានចុះហត្ថលេខា ក្នុងកម្រិតទឹកប្រាក់ ២១៣លានដុល្លារ ជាមួយប្រធានក្រុមហ៊ុនមួយ ឈ្មោះ «SilverCorp» ដើម្បីបើកការវាយប្រហារ តាមផ្លូវសមុទ្រ ទៅលើប្រទេស វេណេហ្សុយអេឡា។

កាលពីដើម​សប្ដាហ៍ កន្លងមកនេះ ក្រុមមនុស្ស​ស្និតនឹង​លោក រ៉ន់ ហ្គេដូ បានចេញមុខ​បដិសេធ ថាពួក​ខ្លួន​​មិនបានទាក់ទង ឬជួប​ជាមួយ​លោក «Jordan Goudreau» ប្រធាន​​ក្រុមហ៊ុន «SilverCorp» នោះទេ។

តែបើតាមរបាយការណ៍អង្កេត របស់សារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្ដិ៍ បានរកឃើញភស្ដុតាង ថាមិនត្រឹម​តែសមាជិក​ក្រុមប្រឆាំង បានចុះហត្ថលេខា ជាមួយក្រុមហ៊ុន​សន្តិសុខ​អាមេរិក​​ខាងលើ កាលពីខែតុលា ឆ្នាំ២០១៩នោះទេ តែបើសូម្បីលោក រ៉ន់ ហ្គេដូ ខ្លួនលោក ដ៏ដឹង​រឿងនេះ​ដែរ។

លោក «Jordan Goudreau» ជាអតីតទាហានមួកបៃតង របស់សហរដ្ឋអាមេរិក។ លោក​បានចាកចេញពីកងទ័ព និងបានទៅបង្កើត ក្រុមហ៊ុន «SilverCorp» កាលពីឆ្នាំ២០១៨ ដែលមានទីស្នាក់ការ ក្នុងរដ្ឋផ្លរីដា (ភាគអាគ្នេយ៍សហរដ្ឋអាមេរិក)។

សារព័ត៌មានបញ្ជាក់ទៀតថា គឺក្រុមហ៊ុន «SilverCorp» មួយនេះហើយ ដែលបានរៀបចំ ការប៉ុនប៉ងវាយប្រហារ តាមផ្លូវសមុទ្រ ទៅលើប្រទេសវេណេហ៊ុយអេឡា កាលពីថ្ងៃទី ៣ ខែឧសភា​កន្លងទៅ។ តែការប៉ុនប៉ងនោះ បានទទួល​បរាជ័យ និងទទួលរង​ការវាយ​ទប់ស្កាត់​​វិញ រហូតបណ្ដាល​ឲ្យ​មាន មនុស្ស៨នាក់ស្លាប់ និងមនុស្ស៣១នាក់ទៀត ត្រូវបាន​ចាប់ខ្លួន ក្នុងនោះ២នាក់ ជាជនជាតិអាមេរិក។

សម្រាប់លោក «Jorge Rodriguez» រដ្ឋមន្ត្រីឃោសនាការ និងជាមនុស្សជំនិត របស់លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីក្នុងតំណែង របស់ប្រទេស​វេណេហ្ស៊ុយអេឡា បាន​សម្ដែង​ការភ្ញាក់ផ្អើល​ ថាវា គឺ​ជាការខ្មាសអៀន​មួយ។ លោកថ្លែងឡើងថា៖

«តើក្រុមមនុស្សទាំងនេះ អាចមានលទ្ធភាព យ៉ាងដូម្ដេច ក្នុងការចុះហត្ថលេខា នៅលើ​ក្រដាសមួយ បញ្ជាឲ្យសម្លាប់ប្រធានាធិបតី នៃសាធារណរដ្ឋ – បញ្ជាឲ្យសម្លាប់ ឧត្ដមសេនីយ​យោធា​​ជាន់ខ្ពស់​ និងអ្នកទទួលខុសត្រូវ ផ្នែកនយោបាយ​ច្រើននាក់ – បញ្ជាឲ្យ​កងទ័ព​វេណេហ្ស៊ុយអេឡា ត្រូវទម្លាក់​អាវុធចុះ នៅចំពោះទាហានបរទេស ដូចយ៉ាងលោក “Jordan Goudreau”? តើរឿងនេះ អាចកើតឡើងបាន យ៉ាងដូម្ដេច?»

«វ៉ាស៊ីនតោន​ប៉ុស្ដិ៍» បានអះអាងទៀតថា ដោយសង្ស័យពីសមត្ថភាព របស់លោក «Jordan Goudreau» ក្នុងការរៀបចំការវាយលុក និងការបញ្ជា កងកម្លាំងស៊ីឈ្នួល នោះ ក្រុម​ប្រឆាំង​​​បានសម្រេច​ផ្អាក​គម្រោង​នោះវិញ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩។

ប៉ុន្តែគឺប្រធានក្រុមហ៊ុន «SilverCorp» ខ្លួនឯង ដែលនៅ​តែ​បន្ត​​ធ្វើ​គម្រោង​នេះ ដើម្បី​អាច​ទាមទារ នៅថ្ងៃនេះ នូវទឹកប្រាក់​ប្រមាណជា ១,៥លាន​ដុល្លារ ដែលក្រុម​ប្រឆាំង​បាន​សន្យា ថានឹងប្រគល់ជូន ជាប្រាក់ធានាដំបូង៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។