ពិភពលោក

អតីត​​ប្រធានាធិបតី​ស៊ូដង់ កំពុងត្រូវ ICC ទន្ទឹងរង់ចាំ​ឲ្យ​នាំខ្លួន

ដីកាឲ្យឃាត់ខ្លួនចំនួនពីរ ដែលចេញកាលពីឆ្នាំ២០០៩ ដោយសាលាក្ដីព្រហ្មទណ្ឌអន្តរជាតិ (ហៅកាត់ជាភាសាអង់គ្លេស «ICC» និងភាសាបារាំង «CPI») ឲ្យតាមចាប់ខ្លួនលោក «Omar el-Béchir» អតីត​​ប្រធានាធិបតី​ស៊ូដង់ កំពុងមានសុពលភាព និងស្ថិតជាធរមាននៅឡើយ។

លោក «Omar el-Béchir» រងការចោទប្រកាន់ ពីបទ«ប្រល័យពូជសាសន៍» បទ«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» និងបទ«ឧក្រិដ្ឋកម្មសង្គ្រាម» ដែលបានកើតឡើង​នៅតំបន់ដាហ្វួរ (Darfour) នៅក្នុងអំឡុងពេលសង្គ្រាម ប្រឆាំងនឹងការបះបោរមួយ។

នៅក្នុងពេលនេះ សាលាក្ដីព្រហ្មទណ្ឌអន្តរជាតិ កំពុងពិនិត្យមើលយ៉ាងដិតដល់ និងដោយក្ដីប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ដែលកំពុងកើតឡើង នៅក្នុងប្រទេសស៊ូដង់ នៅបន្ទាប់ពីក្រសួងការពារជាតិ របស់ប្រទេសនេះ បានប្រកាសដកលោក «Omar el-Béchir» ចេញពីតំណែង កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ។ 

ការតាមឃ្លាំមើល ពីសំណាក់ស្ថាប័នយុត្តិធម៌អន្តរជាតិមួយនេះ ដោយហេតុថា ក្នុងពេលកន្លងមក ដីកាឲ្យចាប់ខ្លួនអតីតប្រធានាធិបតីខាងលើ មិនដែលត្រូវបាននរណាម្នាក់ យកចិត្តទុកដាក់នោះទេ រាប់ទាំងបណ្ដាប្រទេសជាសមាជិក ទាំង១២៣ របស់សាលាក្ដី និងទាំងក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិនោះផង។

យ៉ាងណា ក៏ហេតុការណ៍នៃការទម្លាក់លោក «Omar el-Béchir» ឲ្យចេញពីតំណែង អាចជាក្ដីសង្ឃឹមថ្មី សម្រាប់បណ្ដាជនរងគ្រោះទាំងឡាយ ក្នុងការនាំខ្លួនលោកអតីតប្រមុខរដ្ឋរូបនេះ ឲ្យឡើងមកតទល់ក្ដី ក៏ដូចជាដើម្បីជាពន្លឺនៃយុត្តិធម៌។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ភ្លាមៗក្រោយការទម្លាក់លោក «Omar el-Béchir» ចេញពីតំណែងនោះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (ហៅជាភាសាអង់គ្លេស «Human Rights Watch») បានទាមទារឲ្យអាជ្ញាធរស៊ូដង់ ប្រគល់លោក «Omar el-Béchir» ឲ្យទៅសាលាក្ដីអន្តរជាតិ។

អង្គការអន្តរជាតិដ៏ធំមួយនេះ បានឲ្យដឹងថា៖

«ជនរងគ្រោះទាំងឡាយ នៃឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរជាងគេ នៅតំបន់ដាហ្វួរ មិនត្រូវទន្ទឹងរង់ចាំយុត្តិធម៌ ក្នុងរយៈពេលដ៏យូរដូច្នេះទៀតឡើយ។»

ពិតហើយថា ភាពប្រទាំងប្រទើសផ្នែកការទូត ដែលទាមទារឲ្យឃាត់ខ្លួនប្រមុខរដ្ឋនៅក្នុងតំណែង យកទៅកាត់ទោស មិនមែនជាបច្ចុប្បន្នភាព នៅពេលនេះទេ។ ប៉ុន្តែគេត្រូវដឹងដែរថា ការទម្លាក់លោក «Omar el-Béchir» ចេញពីតំណែង កាលពីម្សិលម៉ិញ អាចត្រូវបានធ្វើឡើង គ្រាន់តែជា«ទម្រង់ខាងក្រៅ» ដើម្បីបំពេញចិត្តពលរដ្ឋ ដែលងើបឡើងតវ៉ាប៉ុណ្ណោះ។

អំណាចរដ្ឋនៃប្រទេសស៊ូដង់ នៅតែស្ថិតក្នុងដៃ នៃបណ្ដាមនុស្ស ដែលធ្លាប់ស្និតនឹងលោក​អតីតប្រធានាធិបតីនៅឡើយ។ ឬនិយាយម្យ៉ាងទៀត មានតែលោក «Omar el-Béchir» តែម្នាក់គត់ ដែលអស់តំណែង ខណៈរបបដឹកនាំប្រទេស នៅតែដដែលដូចមុន និងមិនមានអ្វីផ្លាស់ប្ដូរទេ។

ដូច្នេះ សម្រាប់ក្រុមអ្នកឃ្លាំមើល ព្រឹត្តិការណ៍នៅស៊ូដង់ បានឲ្យរំពឹងថា ដំណើរឆ្ពោះទៅរកការនាំខ្លួន លោក«អតីត​​ប្រធានាធិបតី​ស៊ូដង់» ឲ្យទៅតទល់ នៅក្នុងសាលាក្ដីព្រហ្មទណ្ឌអន្តរជាតិ អាចជាបញ្ហាស្មុគ្រស្មាញនៅឡើយ។

សាលាក្ដីអន្តរជាតិបានរកឃើញថា លោក «Omar el-Béchir» បានបង្កើតឲ្យមាន នូវ​«ឧក្រិដ្ឋកម្ម»ជាច្រើន នៅក្នុងអំឡុងពេលសង្គ្រាម នៅតំបន់ដាហ្វួរ កាលពីឆ្នាំ២០០៦។ ការស៊ើបអង្កេតរបស់សាលាក្ដី បានភ្ជាប់ការទទួលខុសត្រូវ នៅពេលនោះ ទៅមេដឹកនាំស៊ូដង់ចំនួន៤នាក់ទៀត ដែលសុទ្ធសឹងជាមន្ត្រីគ្រាក់ៗ និងនៅមានអំណាចពេញដៃ៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។