ពិភពលោក

អ្នករៀបចំ​អង្គប្រជុំ​ឃោសនា​របស់ ត្រាំ ចំនួន​​៦នាក់ បានឆ្លង​«Covid-19»

សមាជិក៦រូប នៃអ្នករៀបចំអង្គប្រជុំឃោសនាបោះឆ្នោត របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃសៅរ៍ ក្នុងរដ្ឋ «Oklahoma» ត្រូវបាន​ធ្វើ​តេស្ដិ៍ ដឹងលទ្ធផលថា បានឆ្លងមេរោគ «Covid-19»។

គឺក្រុមការងារឃោសនាបោះឆ្នោត របស់លោកប្រធានាធិបតីផ្ទាល់តែម្ដង ដែលបាន​បង្ហើប​​ករណី​រកឃើញ​ខាងលើ ឲ្យដឹងជាសាធារណៈ នៅមុនអង្គប្រជុំមួយនេះ ដែលជា​ការជួបជុំដ៏ធំ ជាលើកដំបូង នៅក្នុងសាលបិទទ្វា ខណៈការរាតត្បាតនៃជំងឺ «Covid-19» កំពុងមានឥទ្ធិពលខ្លាំង ក្នុងសហរដ្ឋអាមេរិកនៅឡើយ។

ស្រង់សំដី​ដោយទីភ្នាក់ងារ​ព័ត៌មានបារាំង «AFP» លោក «Tim Murtaugh» ប្រធាន​ក្រុមការងារ​ឃោសនាបោះឆ្នោត របស់លោក ដូណាល់ ត្រាំ បានថ្លែងឲ្យដឹងថា៖

«សមាជិក៦នាក់ នៃក្រុមអ្នករៀបចំអង្គប្រជុំ ត្រូវបានធ្វើតេស្ដិ៍ រកឃើញលទ្ធផលវិជ្ជមាន នៅ​ក្នុងយុទ្ធនាការធ្វើតេស្ដិ៍ ជាទូទៅ ទៅលើបណ្ដាជន ជាច្រើនរយនាក់។ បន្ទាប់ពីបានរកឃើញ វិធានការចត្តាឡីស័ក ក៏ត្រូវបានដាក់ឲ្យធ្វើ ជាបន្ទាន់ដែរ។»

ការជួបជុំដ៏ធំ ជាលើកដំបូងនេះ ធ្វើឡើងជាមួយអ្នកគាំទ្រ ប្រមាណជា២០ ០០០នាក់ នៅក្នុងក្រុង «Tulsa» នៃរដ្ឋ «Oklahoma» (កណ្ដាលសហរដ្ឋអាមេរិក)។ លោក «Tim Murtaugh» បន្តទៀតថា៖

«គ្មានអ្នកជំងឺណាម្នាក់ ឬនរណាផ្សេង ដែលមានទំនាក់ទំនងផ្ទាល់ ជាមួយអ្នកជំងឺ នឹង​មានវត្តមាន នៅក្នុងអង្គប្រជុំ ឬនៅក្បែរអ្នកចូលរួម – ក្រុមអ្នកតំណាងរាស្ត្រ​ ឬក្រុម​ព្រឹទ្ធសមាជិក​នោះឡើយ៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។