កម្ពុជា

ហ៊ុន សែន ថាបានរក«វិធីនានា ដែលអាចធ្វើបាន» ដើម្បីជួយ​ជនក្រីក្រ

ខណៈវិបត្តិបានផ្ទុះឡើង តាំងពីប៉ុន្មានខែមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ក្នុងថ្ងៃអាទិត្យនេះ ថារដ្ឋាភិបាលបានរិះរក «វិធីនានា ដែលអាចធ្វើបាន» ដើម្បី​ជួយ​ពលរដ្ឋក្រីក្រ នៅតាមតំបន់ដាច់ស្រយាល ដែលខ្វះខាតម្ហូបអាហារ។

ការប្រកាសរបស់បុរសខ្លាំង នៅកម្ពុជា ស្ដីពី«ការរិះរកវិធីនានា ដែលអាចធ្វើបាន» ក្នុង​ការជួយ​ពលរដ្ឋក្រីក្រ ធ្វើឡើងកាលពីមុននេះបន្តិច នៅលើបណ្ដាញសង្គម ជាមួយនឹង​ពាក្យពេជន៍​នឹករឭក ផ្ញើរទៅកាន់ពលរដ្ឋទាំងនោះ ដែលលោកអះអាងថា មិនបាន​ចុះជួប​ដោយផ្ទាល់។

លោក ហ៊ុន សែន បានសរសេរបន្តថា៖

«ពិតណាស់ក្នុងស្ថានការណ៍ ដែលជំងឺឆ្លងកូវីដ-១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក គឺបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង មកលើសេដ្ឋកិច្ចជាតិយើងផងដែរ។ ទន្ទឹមនឹងនោះ បងប្អូន​កូនក្មួយ​មួយចំនួន ត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រ នៅតាមជនបទដាច់ស្រយាលមួយចំនួន ក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ។»

រិះរក«វិធីនានា ដែលអាចធ្វើបាន»

បុរសអាយុ៦៧ឆ្នាំរូបនេះ ដែលអង្គុយក្នុងតំណែង តាំងពី៣៥ឆ្នាំ បានប្រកាស​ពី​វិធានការណ៍​នៃរដ្ឋាភិបាលរបស់លោក ដូច្នេះថា៖

«រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ រិះរកវិធីនានា ដែលអាចធ្វើបាន ដើម្បីជួយបងប្អូន​ប្រជាពលរដ្ឋក្រីក្រ ក្នុងស្ថានភាពចាំបាច់នេះ។ នៅថ្ងៃពុធទី២៤ មិថុនា​ ខាងមុខនេះ យើង​នឹងប្រកាស ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩”។»

សម្រាប់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្នុងប្រទេស​បារាំង បានរិះគន់ចំណាត់ការ របស់រដ្ឋាភិបាលលោក ហ៊ុន សែន នៅក្នុងការគ្រប់គ្រង​វិបត្តិ «Covid-19» ថាមិនអាចធ្វើបាន ដោយយោងតាម​លក្ខខណ្ឌបីយ៉ាង។ ប្រធានស្ដីទី​គណបក្សសង្គ្រោះជាតិ បានសរសេរ​​នៅលើបណ្ដាញ​សង្គមថា៖

«របប ហ៊ុន សែន មិនអាចដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដូចសព្វថ្ងៃ បានទេ។ ដើម្បី​ដោះស្រាយវិបត្តិបែបនេះ ប្រកបដោយជោគជ័យ របបណាក៏ដោយ ត្រូវតែបំពេញលក្ខខណ្ឌ ៣ យ៉ាង ៖ (ទី១) មានឆន្ទៈនយោបាយ (ទី២) មានធនធាន និងប្រាក់បម្រុងគ្រប់គ្រាន់ (និងទី៣) មានជំនាញ និងសមត្ថភាព៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។