ពិភពលោក

មហាសេដ្ឋី​អាមេរិក «Jeffrey Epstein» បាន​សម្លាប់​ខ្លួន​ក្នុង​ពន្ធនាគារ

មហាសេដ្ឋី​អាមេរិក លោក «Jeffrey Epstein» ត្រូវបានប្រទះឃើញស្លាប់ ដោយព្យួរករ នៅក្នុងពន្ធនាគារ ក្នុងព្រឹកថ្ងៃសៅរ៍នេះ។ បើតាមសារព័ត៌មានអាមេរិក បានរាយការណ៍​ថា មរណភាពនេះ ជាការសម្លាប់ខ្លួន មុននឹងត្រូវអះអាងបន្ថែម ដោយមន្ត្រីអាជ្ញាធរ កាលពីមុននេះបន្តិច។

កាលពីខែកក្កដាកន្លងទៅ លោក «Jeffrey Epstein» អាយុ៦៦ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ ពីបទធ្វើពេស្យាកម្ម ទៅលើអនីតិជនច្រើនសិបនាក់ ដែលបានកើតឡើង រវាងពីឆ្នាំ២០០២ មកទល់នឹងឆ្នាំ២០០៥។

បើតាមការចោទប្រកាន់នោះ បានលើកឡើងថា លោក «Jeffrey Epstein» ទំនងជាបាននាំក្មេងស្ត្រីជំទង់ ប្រមាណជាង៤០នាក់ (ក្នុងនោះមានមួយចំនួន អាយុទើបតែ​១៤ឆ្នាំ) ចូលមកក្នុងលំនៅដ្ឋានរបស់លោក ជាច្រើនកន្លែង ដើម្បីការរួមភេទ ជាថ្នូរនឹងប្រាក់សុទ្ធ រាប់រយដុល្លារ។

លំនៅដ្ឋានទាំងនោះ មាននៅក្នុងសង្កាត់ «Manhattan» នៃក្រុងញូយក – ក្នុងក្រុង «Palm Beac» នៃរដ្ឋផ្លរីដា និងនៅលើកោះមួយ នៃប្រជុំកោះ ការ៉ាអ៊ីប។

មហាសេដ្ឋី​អាមេរិក ត្រូវបានបដិសេធនៅក្រៅឃុំ

កាលពីថ្ងៃសុក្រ សារព័ត៌មាន «Miami Herald» បានទម្លាយរឿងអាស្រូវថ្មីៗ បន្ថែមទៀតថា បុរសមហាសេដ្ឋីរូបនេះ ទំនងជាទទួលបានប្រយោជន៍ ក្នុងការលាក់កំបាំងសំណុំរឿង ដោយសារមានការដាក់សម្ពាធ អំពីមជ្ឈដ្ឋាននយោបាយ។

សារព័ត៌មានបានបង្ហើប ជាឧទាហរណ៍ឡើងថា ពីក្នុងចំណោមជនសង្ស័យ ដែលធ្លាប់មានទំនាក់ទំនងផ្លូវភេទ ជាមួយក្មេងស្ត្រីជំទង់ៗរងគ្រោះខាងលើ ក៏មានលោក «George Mitchell» សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពល មកពីគណបក្សប្រជាធិបតេយ្យម្នាក់ដែរ។

លោក «Jeffrey Epstein» ដែលធ្លាប់ជាមនុស្សជំនិតម្នាក់ របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិកសព្វថ្ងៃ ត្រូវបានឃុំខ្លួន​ជាបណ្ដោះអាសន្ន ក្នុងមណ្ឌលកែប្រែ នៃក្រុងញូយក (Metropolitan Correctional Center)។

សារព័ត៌មាន «New York Times» បានឲ្យដឹងថា បុរសមហាសេដ្ឋីធ្លាប់ព្យាយាម ធ្វើអត្តឃាតម្ដងហើយ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ។ ឆ្មាំពន្ធនាគារបានរកឃើញលោកមានរបួស នៅក្នុងពន្ធនាគារ និងដឹងខ្លួននៅឡើយ។

សារព័ត៌មានបន្តថា ទោះជាមានហេតុការណ៍នេះក្ដី តែលោក «Jeffrey Epstein» ទំនងជាមិនត្រូវបានឃ្លាំមើលបន្ថែម ផ្នែកសុវត្ថភាព ក្នុងពន្ធនាគារនោះទេ។

កាលពីប៉ុន្មានថ្ងៃមុន ចៅក្រមមួយរូប នៃតុលាការក្រុង «Manhattan» បានបដិសេធមិនឲ្យបុរសអ្នកមានប្រាក់រូបនេះ បាននៅក្រៅឃុំ ដោយមានការបង់ប្រាក់នោះឡើយ។ ការបដិសេធនោះ ត្រូវបានចៅក្រមពន្យល់ថា លោក «Jeffrey Epstein» អាចមានឱកាសគេចខ្លួន ពីសហរដ្ឋអាមេរិក ជាមួយនឹងធន់ធាន និងមធ្យោបាយដ៏សម្បើមរបស់ខ្លួន៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។