ពិភពលោក

ការផ្ទុះនៅ Nashville៖ នគរបាលឮ​សម្លេង​ ព្រមានពី​គ្រាប់បែក​ក្នុងរថយន្ដ

ភ្នាក់ងារនគរបាល ដែលដើរទៅក្បែររថយន្ដកំពីង បានស្ដាប់ឮសម្លេង ដែលទំនងជាខ្សែអាត់ថតទុក ព្រមានពីគ្រាប់បែកក្នុងរថយន្ដ ថានឹងផ្ទុះឡើង ក្នុងរយះពេល១៥នាទីទៀត។ នេះ បើតាមអះអាងរបស់លោក «John Drake» នាយនគរបាលក្រុង «Nashville» នៅវេលារសៀលថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០។

កាលពីព្រឹកព្រហាម ថ្ងៃសុក្រដដែល ដែលត្រូវជាថ្ងៃបុណ្យណូអែល វេលាម៉ោង៦ និង៣០នាទី រថយន្ដកំពីងខាងលើ ដែលចតចោល នៅលើរុក្ខវិថី «Nord» នៃក្រុង «Nashville» នៃរដ្ឋ «Tennessee» (ភាគខាងកើត​សហរដ្ឋអាមេរិក) បានផ្ទុះឡើងយ៉ាងខ្លាំងក្លា បណ្ដាលឲ្យរថយន្ដផ្សេងទៀត ដែលចតនៅក្បែរ រងការខូចខាតធ្ងន់ធ្ងរ និងកញ្ចក់​ទ្វាបង្អួចអាគារ ប្រមាណជាង​២០អាគារ​នៅជុំវិញ ធ្លាក់បែកបាក់ខ្ចាត់ខ្ចាយ។

អាគារ​ដែលនៅ​ក្បែរការផ្ទុះ បានរងការខូចខាត​ខ្លាំងជាងគេ។ ការផ្ទុះបានធ្វើឲ្យរញ្ជួយ ទៅដល់តំបន់ជុំវិញក្រុង ជាច្រើនគីឡូម៉ែត្រ។ ក្រុមអ្នកជួយសង្គ្រោះ បានអះអាងថា មនុស្ស៣នាក់ បានរងរបួសស្រាល ហើយនៅខណៈនេះ ជនរងគ្រោះទាំងនោះ កំពុងទទួល​ការព្យាបាល នៅឯមន្ទីរពេទ្យ។

បើតាមលោកនាយនគរបាល «John Drake» បានបញ្ជាក់ទៀតថា ភ្នាក់ងារនគរបាល​ត្រូវបានបញ្ជូន ទៅកាន់តំបន់នោះ នៅវេលា​មុនម៉ោង៦ បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ ពីសម្លេងបាញ់បោះ។ តែនៅពេលទៅដល់ទីនោះ ពួកគេបានប្រទះ​ឃើញ​រថយន្ដកំពីង​ខាងលើ ដែលមានលក្ខណៈ គួរឲ្យសង្ស័យ។

បន្ទាប់ពីឮសូរអាត់សម្លេង ព្រមានពី​គ្រាប់បែក​ក្នុងរថយន្ដ ក្រុមនគរបាលបានប្រកាស តាមឧឃោសនស័ព្ទភ្លាមៗ ជូនដំណឹង​តាមទ្វាផ្ទះ​នីមួយៗ ទៅគ្រប់បណ្ដាជន ដែល​រស់នៅ​ជុំវិញ ឲ្យជម្លៀសខ្លួន ទៅរកទីកន្លែងសុវត្ថិភាព។

ចំណែកឯលោក «Don Aaron» អ្នកនាំពាក្យនគរបាល​ក្រុង«Nashville» បានបញ្ជាក់បន្ថែម កាលពីព្រឹកថា នគរបាលជំនាញ​ខាងជាតិផ្ទុះ បានបន្តឆែកឆេរ នៅជុំវិញតំបន់នោះ តែរកមិនឃើញសារជាតិផ្ទុះ ណាផ្សេងទេ។ អ្នកនាំពាក្យបន្តថា៖

«រថយន្ដកំពីងបានផ្ទុះ នៅពីមុខអាគារ”AT&T” ហើយយើងនៅមិនទាន់ដឹងថា តើវាជាឧបទេវហេតុ ឬជាទង្វើ​ដែលមាន​ការគ្រោងទុក​នោះទេ។»

នៅមុននេះបន្តិច ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ «FBI» បានបង្ហោះរូបថត របស់រថយន្ដកំពីងដ៏គួរឲ្យសង្ស័យ និងបានបញ្ជាក់ថា រថយន្ដនេះបានធ្វើដំណើរ មកដល់រុក្ខវិថីខាងលើ នៅវេលាម៉ោង១ និង២២នាទី ព្រឹកទាបភ្លឺ ថ្ងៃសុក្រ។ «FBI» បានស្នើរឲ្យបណ្ដាជន ចូលរួមផ្ដល់ដំណឹង ឬសក្ខីកម្ម អំពីរថយន្ដសង្ស័យ តាមរយៈទូរស័ព្ទ ឬការទាក់ទង នៅលើគេហទំព័ររបស់ខ្លួន៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។