ពិភពលោក

ប្រធានសភា​ចង់បាន​ការធានាថា ត្រាំ នឹងមិនអាចប្រើ​«កូដនុយក្លេអ៊ែរ»

ប្រធានរដ្ឋសភានៃសហរដ្ឋអាមរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) បានប្រកាសនៅថ្ងៃសុក្រនេះ ថាអ្នកស្រីបានជួបជជែក ជាមួយ​មេបញ្ជាការ​កងទ័ពអាមេរិក ដើម្បីចង់បានការធានាថា ប្រធានាធិបតី«ដែលមានសតិ​មិននឹងនរ» ដូចលោក ដូណាល់ ត្រាំ (Donald Trump) នឹងមិនអាចប្រើ«កូដនុយក្លេអ៊ែរ» ដើម្បីធ្វើការវាយប្រហារ ជាយថាហេតុ និងតាមទំនើងចិត្តនោះឡើយ។

ក្នុងសំបុត្រមួយច្បាប់ ដែលបញ្ជូន​ទៅកាន់ក្រុមសមាជិកសភា អ្នកស្រី ណេនស៊ី ផេឡូស៊ី បានសរសេរឲ្យដឹងថា៖

«ព្រឹកមិញនេះ ខ្ញុំបានជួយនិយាយជាមួយ មេបញ្ជាការកងទ័ពអាមេរិក លោកឧត្ដមសេនីយ៍ “Mark Milley” ដើម្បីពិភាក្សាពីសំនុំរឿង ដែលត្រូវប្រុងប្រយ័ត្នមួយចំនួន ក្នុងការបញ្ចៀសកុំឲ្យប្រធានាធិបតីមួយរូប ដែលមានសតិមិននឹងនរ អាចបើកការវាយប្រហារ តាមផ្លូវយោធា ឬប្រើ«កូដនុយក្លេអ៊ែរ» ដើម្បីវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។»

ប្រធានាធិបតីអាមេរិក គឺជា«អគ្គមេបញ្ជាការកងទ័ព»។ បន្ទាប់ពីបានស្បថចូលកាន់តំណែងរួច ប្រធានាធិបតីអាមេរិក​ ត្រូវបាន​ឲ្យ​ស្គាល់ នូវ«កូដនុយក្លេអ៊ែរ» និងមានជាប់នឹងខ្លួន​នូវប្រអប់មួយ ដែលអាចត្រូវបានយកមកប្រើ ដើម្បីបើកការវាយប្រហារ ដោយអាវុធ​នុយក្លេអ៊ែរ។

អ្នកនាំពាក្យរបស់មេបញ្ជាការកងទ័ព ត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» មកបញ្ជាក់ថា លោកឧត្ដមសេនីយ៍ «Mark Milley» បានទទួលទូរស័ព្ទ ពីអ្នកស្រី ផេឡូស៊ី ដោយបានជជែកគ្នា អំពីប្រអប់ពិសេស ដែលអាចត្រូវប្រើ ដើម្បីធ្វើការ​វាយប្រហារ​ដោយអាវុធ​នុយក្លេអ៊ែរ។ តែអ្នកនាំពាក្យរូបនោះ មិនបានលំអិតបន្ថែម ពីកិច្ចពិភាក្សាខាងលើទេ

យ៉ាងណា អ្នកស្រី ផេឡូស៊ី បានបន្តព្រមានលោក ត្រាំ ដែលអ្នកស្រីចាត់ទុក ថាមានសតិមិនគ្រប់ ថាគួរចាកចេញពីតំណែង ដោយខ្លួនឯង ជាជាងឲ្យអ្នកស្រី និងរដ្ឋសភាបើកនីតិវិធី ដើម្បីបណ្ដេញលោកចេញ។ អ្នកស្រីបន្តសរសេរថា៖

«ស្ថានភាពជាមួយប្រធានាធិបតី ដែលមានសតិមិនគ្រប់រូបនេះ មិនអាចបន្ត​ឲ្យមានគ្រោះថ្នាក់​ទៀតឡើយ៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។