ពិភពលោក

រដ្ឋធានីម៉ូស្គូ​​ត្រៀមទទួល​«ព្យុះព្រិល​ដ៏ខ្លាំងក្លា មិនដែល​ធ្លាប់ជួប»

ក្នុងចុងសប្ដាហ៍ខាងមុខ រដ្ឋធានីម៉ូស្គូនឹងរង «ព្យុះព្រិល​ដ៏ខ្លាំងក្លា មិនដែល​ធ្លាប់ជួប» ដែលអាចធ្វើឲ្យស្រទាប់ព្រិលធ្លាក់ មានកម្រាស់​​ក្រាស់​ជាងស្រទាប់ព្រិលក្រាស់បំផុត (៧៧សង់ទីម៉ែត្រ) កាលពីខែមីនា ឆ្នាំ២០១៣។ នេះ បើតាមលើកឡើង របស់អ្នកជំនាញ​ខាងឧត្តុនិយម នៅតាមប្រព័ន្ធផ្សព្វផ្សាយរ៉ូស្ស៊ី។

លោក «Evgueni Tichkovets» មកពីមជ្ឈមណ្ឌលឯកជន ផ្នែកព្យាករណ៍ឧត្តុនិយម ឈ្មោះ «Fobos» ត្រូវបានភ្នាក់ងារព័ត៌មានរ៉ូស្ស៊ី «Ria Novosti» ស្រង់សំដីមកបញ្ជាក់ថា៖

«ជាព្យុះព្រិលទឹកកក ដ៏សាហាវមួយ ហៅថា “Armageddon” ដែលមានដុំព្រិលធំៗ ហើយវាក៏មិនមែន​ជាការសាកល្បង [ធ្លាក់ព្រិល] នោះដែរ តែជាព្រឹត្តិការណ៍ពិត​ដ៏កម្រ ដូចគ្នានឹងការប្រយុទ្ធ​ផ្ដាច់ព្រ័ត្រ​មួយដូច្នេះ។»

លោកបន្តថា ព្យុះព្រិលនឹងចាប់ផ្ដើមមហិទ្ធិរិទ្ធរបស់ខ្លួន ចាប់ពីព្រឹកព្រហាមថ្ងៃសុក្រ និងមានរយៈពេល៣៦ម៉ោង។ សន្ទុះខ្យល់បក់ នឹងមានកម្លាំង ពី១៥ទៅដល់២០ម៉ែត្រ ក្នុងមួយវិនាទី ខណៈសីតុណ្ហភាពអាចធ្លាក់ចុះ រហូតដល់១៥អង្សាសេ​ក្រោមសូន្យ។

អ្នកស្រី «Marina Makarova» អ្នកនាំពាក្យស្ថាប័នឧត្តុនិយមរ៉ុស្ស៊ី «Rosguidromet» បានបញ្ជាក់ដែរថា អព្ភូតហេតុនេះ​កើតមាន​បន្ត​ពីធាតុអាកាស ដែលចុះត្រជាក់ខ្លាំង នៅទ្វីបអ៊ឺរ៉ុបខាងលិច ហើយធ្វើឲ្យស្រទាប់ព្រិល កើនឡើងបន្ថែមយ៉ាងហោច ៤០សង់ទីម៉ែត្រ បន្ថែមពីលើស្រទាប់ព្រិល​ក្នុងពេលនេះ ដែលមានកម្រាម​៣៥សង់ទីម៉ែត្រ នៅរដ្ឋធានីម៉ូស្គូ។

អ្នកនាំពាក្យបន្តថា ស្រទាប់ព្រិលអាចមានកម្រាស់ ក្រាស់ជាង៧៧សង់ទីម៉ែត្រ ដែលជាកម្រាសដ៏ក្រាស់បំផុត កើតមានក្នុង​អព្ភូតហេតុ​ព្យុះព្រិល កាលពីខែមីនា ឆ្នាំ២០១៣។

នៅចំពោះព្រឹត្តិការណ៍ខាងលើ សាលារដ្ឋធានីម៉ូស្គូបានត្រៀមរថយន្ដ និងម៉ាស៊ីនឈូសឆាយព្រិល ប្រមាណជា១៣ ៥០០គ្រឿង និងបុគ្គលិកប្រមាណជា ៦០ ០០០នាក់ ដើម្បីធ្វើយុទ្ធនាការឈូសឆាយព្រិល នៅតាមដងផ្លូវនានា។ កាលពីសិសិររដូវឆ្នាំមុន រដ្ឋធានីម៉ូស្គូ បានទទួលរងអព្ភូតហេតុ​ផ្ទុយគ្នាស្រឡះ ដោយអាកាសធាតុ​បានប្រែ​ជាក្ដៅ ជាងពេលណាៗទាំងអស់ និងមានព្រិល​ធ្លាក់​តិចបំផុត៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។