ខ្មាន់កាំភ្លើង ដែលបានបាញ់ប្រហារ ក្នុងផ្សារទំនើប នៃក្រុង «El Paso» រដ្ឋតិចសាស់ សហរដ្ឋអាមេរិក និងដែលបណ្ដាលឲ្យមនុស្សស្លាប់ ២០នាក់ របួស១៦នាក់ កាលពីព្រឹកថ្ងៃសៅរ៍ ត្រូវបានចោទប្រកាន់ ពីបទមនុស្សឃាត ហើយអាចនឹងទទួលទោស«ប្រហារជីវិត»។
លោក «Robert Gomez» នាយនគរបាលក្រុង បានអះអាងក្នុងសន្និសីទសារព័ត៌មាន ក្នុងថ្ងៃអាទិត្យនេះថា ខ្មាន់កាំភ្លើងអាយុ២១ឆ្នាំ ដែលបានប្រគល់ខ្លួន ឲ្យអាជ្ញាធរចាប់នោះ រដ្ឋអាជ្ញា និងអាជ្ញាធរ ស្នើសុំឲ្យមានការផ្តន្ទាទោស ប្រឆាំងយុវជនរូបនេះ ដោយទោសធ្ងន់ធ្ងរបំផុត។
អាជ្ញាធរបានសង្ស័យយុវជនរូបនេះ ថាបានប្រព្រឹត្តិ«ឧក្រិដ្ឋកម្មមួយ ដែលកើតចេញ ពីភាពស្អប់ខ្ពើម»។ ភាពស្អប់ខ្ពើម ដែលជាពាក្យត្រូវបានប្រើ នៅសហរដ្ឋអាមេរិក ជំនួសឲ្យទង្វើប្រកាន់ពូជសាសន៍ និងភាពរើសអើង។
ក្នុងឯកសារមួយកម្រាស់៤ទំព័រ ដែលគេគិតថា ត្រូវបានខ្មាន់កាំភ្លើងបង្ហោះ ដាក់នៅលើគេហទំព័រ «8Chan» បានបញ្ជាក់ថា ការវាយប្រហារខាងលើ ជា«ចម្លើយមួយ ទៅនឹងការឈ្លានពាន នៃបណ្ដាជននិយាយភាសាអេស្ប៉ាញ ក្នុងរដ្ឋតិចសាស់» ដោយអះអាង ពីការស្អប់ខ្ពើមជាពន់ពេក ចំពោះជនអន្តោរប្រវេសន៍ និងការបារម្ភថា រដ្ឋតិចសាស់ នឹងធ្លាក់ទៅក្រោមឥទ្ធិពល របស់គណបក្សប្រជាធិបតេយ្យ ក្នុងពេលណាមួយ។
តុលាការសហព័ន្ធអាមេរិក បានចាត់ទុកសំនុំរឿងនេះ ជា«អំពើភេរវនិយមផ្ទៃក្នុង»។
លោក «Robert Gomez» បញ្ជាក់បន្ថែមថា ជនរងគ្រោះមួយភាគធំ នៅមិនទាន់អាចកំណត់អត្តសញ្ញាណ បាននៅឡើយ។ បន្ទាប់ពីរងគ្រាប់កាំភ្លើងរួច ពួកគេទាំងនោះច្រើននាក់ បានដួលដេក នៅក្នុងផ្សារទំនើប «Walmart» និងខ្លះទៀត នៅឯចំណតរថយន្ដ៕