ពិភពលោក

ផ្សាយផ្ទាល់ (ថ្ងៃទី២)៖ កងទ័ពរ៉ុស្ស៊ី​ឡោមព័ទ្ធ​គៀវ ក្នុងសង្គ្រាមនៅអ៊ុយក្រែន

កងទ័ពរ៉ុស្ស៊ី​ឡោមព័ទ្ធ​គៀវ ៖ ស្នូរគ្រាប់ផ្ទុះ និងការប្រយុទ្ធគ្នា បានបន្តលាន់ស្នូរ នៅជុំវិញ និងក្នុងរដ្ឋធានីគៀវ តាំងពីព្រឹកព្រហាម ថ្ងៃសុក្រទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃទីពីរ នៃសង្គ្រាមឈ្លានពាន ពីសំណាក់ប្រទេសរ៉ុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន

ឆ្លើយតបនឹងទង្វើរបស់ក្រឹមឡាំង បណ្ដាប្រទេសធំៗ នៅលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប ចក្រភពអង់គ្លេស បានចាត់វិធានការ និងទណ្ឌកម្មធ្ងន់ៗ សំដៅវាយសន្ធាប់​ទៅលើបេះដូងសេដ្ឋកិច្ច របស់ប្រទេសរ៉ុស្ស៊ី ដើម្បីឲ្យប្រទេសនេះដកឃ្លា ត្រឡប់មករកដំណោះស្រាយ តាមផ្លូវការទូតវិញ។

ចុះចំណែកប្រទេសអ៊ុយក្រែន ដែលកំពុងរងគ្រោះវិញ តើកងទ័ពប្រទេសនេះ អាចទប់ទល់ទល់នឹងមហាយក្សរ៉ុស្ស៊ី បានឬយ៉ាងណា? ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបើកទំព័រផ្សាយផ្ទាល់ «ថ្ងៃទី២» នៃសង្គ្រាមនៅអ៊ុយក្រែន ដែលនឹងតាមដានជុំវិញព្រឹត្តិការណ៍នេះ ជារៀងរាល់១៥នាទីម្ដង ហើយជម្រាមជូនប្រិយមិត្តអ្នកអាន ជាបន្តបន្ទាប់ដូចខាងក្រោម។

———

  • ម៉ោង១៩ និង០០នាទី ៖ មន្ទីរប៉ង់តាហ្គោន ថារ៉ុស្ស៊ីរងការទប់ទល់ពីអ៊ុយក្រែន ជាងការរំពឹង

ការវាយលុកពីសំណាក់កងទ័ពរ៉ុស្ស៊ី ជួបឧបសគ្គច្រើនជាងការរំពឹងទុក នៅចំពោះការក្រាញននៀល «ដ៏ខ្លាំងក្លា» របស់កងទ័ពអ៊ុយក្រែន។ នេះ បើតាមអ្នកទទួលខុសត្រូវមួយរូប នៅមន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិអាមេរិក)។

ប្រភពនោះអះអាងថា កងទ័ពរ៉ុស្ស៊ីមិនបានគ្រប់គ្រងទាំងស្រុង នូវប្រព័ន្ធការពារដែនអាកាស របស់ប្រទេសអ៊ុយក្រែននោះទេ។ មន្ត្រីអ្នកទទួលខុសត្រូវ ដែលមិនចង់ឲ្យបញ្ចេញឈ្មោះ បាននិយាយថា៖

«កងទ័ពអ៊ុយក្រែន នៅមានប្រព័ន្ធប្រឆាំងម៊ីស៊ីល និងជាពិសេស នៅមានយន្តហោះប្រដេញជាច្រើនទៀត ដែលអាចហាមយន្ដហោះរ៉ុស្ស៊ី មិនឲ្យហោះ ចូលដែនអាកាសអ៊ុយក្រែនបាន។»

មន្ត្រីដដែលបន្ថែមថា នៅបន្តទទួលពត៌មាន បញ្ជាក់ពីឧបសគ្គដ៏លំបាកៗជាច្រើន ដែលធ្វើឲ្យកងទ័ពរ៉ុស្ស៊ី មិនអាចវាយលុកទៅមុខ ដូចអ្វីដែលក្រឹមឡាំងបានរំពឹងទុក។

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។