«កាន់កាំបិតដើរចាក់មនុស្ស»៖ ហេតុការណ៍ដ៏រន្ធត់ បានកើតឡើង ក្នុងល្ងាចថ្ងៃសៅរ៍នេះ នាឧទ្យាន «Forbury Garden» នៃក្រុង «Reading» ដែលស្ថិតនៅភាគខាងលិច នៃរាជធានីឡុងដ៍ ចក្រភពអង់គ្លេស ។
សារព័ត៌មានក្នុងប្រទេសអង់គ្លេស បានអះអាង មនុស្សជាច្រើននាក់ ត្រូវបានចាក់ដោយកាំបិត បណ្ដាលឲ្យមានមនុស្សស្លាប់ ៣នាក់ និងរបួសពីរនាក់។ តែតុល្យភាពខាងលើ មិនទាន់មានការបញ្ជាក់ ចេញពីប្រភពផ្លូវការនៅឡើយ។
យ៉ាងណា នគរបាលតំបន់បានអះអាង ថាបានធ្វើអន្តរាគមន៍ ចំពោះហេតុការណ៍ «ដ៏រន្ធត់» ដែលបានបណ្ដាលឲ្យមាន«របួសច្រើននាក់»។
នៅលើទំព័រទ្វីសធើរ នគរបាលតំបន់បានបញ្ជាក់បន្ថែមថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួន នៅនឹងកន្លែងកើតហេតុ និងបញ្ជូនទៅឃុំខ្លួន។ នគរបាលបានសរសេរថា៖
«មនុស្សមួយចំនួន បានរងរបួស និងត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ។»
ទីភ្នាក់ងារព័ត៌មាន «AP» បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន មានដើមកំណើត ជាជនជាតិលីបង់។ ខណៈទូរទស្សន៍ «Sky News» បានអះអាងថា មនុស្ស៣នាក់ បានស្លាប់ និងបានលើកឡើង ពីទង្វើបែប«ភេរវកម្ម»។
ក្នុងពេលភ្លាមៗ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានប្រតិកម្មខ្លី នៅលើទំព័រទ្វីសធើររបស់លោកថា៖
«ការខ្វល់ខ្វាយរបស់ខ្ញុំ គឺសំដៅទៅជនរងគ្រោះទាំងឡាយ នៅក្នុងឧប្បត្តិហេតុ ដ៏គួរឱ្យរន្ធត់ នៅក្រុង “Reading” និងសូមអរគុណ ចំពោះក្រុមសង្គ្រោះបន្ទាន់ ដែលបានធ្វើអន្តរាគមន៍ នៅនឹងកន្លែងង៕»