អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS ) បាន«ចេញមុខទទួលស្គាល់ភេរវកម្ម ៦កន្លែង» កណ្ដាលរដ្ឋធានីវីយែន ប្រទេសអូទ្រីស ដែលផ្ទុះឡើង កាលពីយប់ថ្ងៃចន្ទ ដើមសប្ដាហ៍នេះ បណ្ដាលឲ្យមានមនុស្សស្លាប់៤នាក់ និងរបួសច្រើននាក់។
ការចេញមុខទទួលស្គាល់ អំពើភេរវកម្ម ធ្វើឡើងកាលពីយប់ថ្ងៃអង្គារ តាមរយៈភ្នាក់ងារឃោសនា របស់ក្រុមរដ្ឋអ៊ីស្លាមឈ្មោះ «AMAQ» នៅលើបណ្ដាញសង្គម «Telegram»។
សារសរសេរជាភាសាអារ៉ាប់ បានលើកឡើងថា ការវាយប្រហារដោយអាវុធ កាលពីយប់ថ្ងៃចន្ទ ក្នុងរដ្ឋធានីវីយែន ធ្វើឡើងដោយ«យុទ្ធជននៃទឹកដីព្រះជាម្ចាស់»។
សារទទួលស្គាល់របស់អង្គការភេរវនិយម មានអមជាមួយ ដោយរូបថត និងវីដេអូរបស់ភេរវជន ដែលបានថតខ្លួន ឃើញកំពុងស្បថស្បែ បង្ហាញពីភក្ដីភាព ជូនមេដឹកនាំក្រុមអ៊ីស្លាម ដែលគេស្គាល់ឈ្មោះ «Abou Ibrahim al-Hachemi al-Qourachi»។
ភេរវជនរូបនេះ មានសញ្ជាតិអូទ្រីស និងមានដើមកំណើតពីប្រទេស ម៉ាសេដ័ន ខាងជើង។ ជននេះត្រូវបានបាញ់សម្លាប់ ដោយកងកម្លាំងនគរបាលអូទ្រីស នៅនឹងកន្លែងកើតហេតុ ហើយត្រូវបានរដ្ឋាភិបាលអូទ្រីស ប្រកាសជាមុនថា គឺ«សមាជិកម្នាក់» របស់ក្រុមរដ្ឋអ៊ីស្លាម៕