ពិភពលោក

ISIS ប្រាប់​សមាជិក​ខ្លួន កុំ​ធ្វើដំណើរ​ចូល​អ៊ឺរ៉ុប ព្រោះ​ខ្លាច​«Covid-19»

ក្រុមសកម្មប្រយុទ្ធ របស់អង្គការភេរវនិយមរដ្ឋអ៊ីស្លាម (ISIS) ទើបទទួលបញ្ជាហាមក្រុមខ្លួន កុំធ្វើដំណើរចូលអ៊ឺរ៉ុប ដែលកំពុងរងការរាតត្បាត ពីមេរោគ«កូរូណា» ឬហៅតាមពាក្យបច្ចេកទេស «Covid-19»។ នេះ បើតាមការផ្សាយ របស់«Al-Naba» ដែលជាព្រឹត្តិប័ត្រឃោសនា របស់អង្គការមួយនេះ កាលពីថ្ងៃអាទិត្យ។

អត្ថបទរបស់ប្រព័ន្ធឃោសនា ត្រូវបានដកស្រង់ ដោយសារព័ត៌មាន «New York Post» នៅអាមេរិក យកទៅចុះផ្សាយបន្ត ដែលមានន័យជាខេមរៈភាសាថា៖

«រាល់មនុស្សដែលមានសុខភាពល្អ មិនត្រូវធ្វើដំណើរ ចូលក្នុងប្រទេស ដែលរងការរាតត្បាតនោះទេ។ អ្នកដែលឆ្លងជំងឺនេះ មិនរស់រាន មានជីវិតឡើយ។»

អង្គការភេរវនិយម បានចាត់ទុករោគរាតត្បាត «Covid-19» ថាជា«បណ្ដាសារ របស់ព្រះជាម្ចាស់»។ ក្រុមនេះបានបន្តទៀតថា៖

«បណ្ដាយុទ្ធជន ដែលកំពុងរស់នៅក្នុងទ្វីបអ៊ឺរ៉ុប ហើយដែលធ្លាក់ខ្លួនឈឺ នឹងជំងឺនេះ ត្រូវរស់នៅទីនោះបន្តទៀត ដើម្បីរ៉ៅឆាន”ពួកក្បត់ព្រះជាម្ចាស់”។»

បើតាមសាកលវិទ្យាល័យ «Johns-Hopkins» (ក្នុងរដ្ឋ”Maryland” សហរដ្ឋអាមេរិក) ដែលបានសិក្សាស្រាវជ្រាវ ពីក្រុមរដ្ឋអ៊ីស្លាម បានឲ្យដឹងថា យុទ្ធជនស្ម័គ្រប្រយុទ្ធ របស់អង្គការនេះ ដែលរស់នៅយ៉ាងច្រើន ក្នុងប្រទេសអៀរ៉ាក់ បានឆ្លងជំងឺ«Covid-19» ចំនួន១១០ករណី។ ពីក្នុងចំណោមនោះ អ្នកជំងឺចំនួន១០នាក់ បានស្លាប់៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។