អាចម៍ផ្កាយដ៏ធំមួយ ដែលមានឈ្មោះបច្ចេកទេស «1998 OR2» នឹងហោះមកប្រផិត ជាមួយផែនដី ក្នុងយប់ថ្ងៃពុធទី២៩ (ត្រូវនឹងព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៣០) ខែមេសា ឆ្នាំ២០២០នេះ។ ចម្ងាយដែលជិតបំផុត រវាងអាចម៍ផ្កាយ និងផែនដី ត្រូវបានគណនាឃើញ មានប្រមាណជា ៦,៣លានគីឡូម៉ែត្រ។
នេះ បើតាមភ្នាក់ងារអវកាសអាមេរិក «NASA» ដែលត្រូវបានដកស្រង់សំដី មកចុះផ្សាយ ដោយសារព័ត៌មានជាច្រើន នៅអាមេរិក និងនៅអ៊ឺរ៉ុប។ អាចម៍ផ្កាយនេះ មានទំហំទទឹងប្រមាណជា ១,៨គីឡូម៉ែត្រ និងបណ្ដោយប្រមាណជា ៤,១គីឡូម៉ែត្រ ហើយហោះក្នុងល្បឿន ៣១ ៣២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
បើទោះជា «NASA» ចាត់ទុកថា អាចម៍ផ្កាយមួយដុំនេះ អាចបង្កគ្រោះដល់ផែនដីក្ដី (បើមើលតាមល្បឿន និងទំហំរបស់វា) តែបើមើលតាមចំងាយ ដែលវាហោះមកក្បែរផែនដី (ដូចជម្រាបខាងលើ) អាចម៍ផ្កាយ «1998 OR2» នឹងមិនធ្វើឲ្យមនុស្សសត្វ នៅលើផែនដីបារម្ភភ័យភិតអ្វីឡើយ។
ចំងាយដែលអាចម៍ផ្កាយហោះ មកជិតផិតផែនដីបំផុតនេះ ឆ្ងាយជាង១៦ដង នៃចំងាយរវាងផែនដី និងព្រះចន្ទ។ កាលពីថ្ងៃទី២៤ ខែមីនា អាចម៍ផ្កាយ «1998 OR2» ត្រូវបានថតឃើញ នៅចំងាយប្រមាណជា ២៥លានគីឡូម៉ែត្រ ពីផែនដី។
បើលោកអ្នកមានកែវឆ្លុះអាវកាស លោកអ្នកអាចមើលឃើញអាចម៍ផ្កាយនេះ ហោះមកជិតផែនដី នៅយប់ថ្ងៃពុធ រវាងម៉ោង២១ និងម៉ោង១រំលងអាធ្រាត ដែលត្រូវនឹងម៉ោង២ និងម៉ោង៦ព្រឹកថ្ងៃព្រហស្បត្តិ៍ ម៉ោងនៅកម្ពុជា៕