សូម្បីកូនក្មេង ក៏មិនទុកជីវិត ឲ្យរស់ដែរ! ជាឧក្រិដ្ឋកម្ម ដ៏សាហាវមួយ ដែលបានប្រហារជីវិត ក្រុមគ្រួសារមួយ ដែលមានសមាជិក៦នាក់ ក្នុងក្រុង «Celaya» នៃរដ្ឋ «Guanajuato» ភាគកណ្ដាលនៃប្រទេសម៉ិចសិក។ នេះ បើតាមការអះអាង របស់អាជ្ញាធរតំបន់ កាលពីថ្ងៃសុក្រ។
ហេតុការណ៍បានកើតឡើង នៅក្នុងយប់ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ។ ជនប្រដាប់អាវុធមួយក្រុម បានចេញពីរថយន្ដ ប្រភេទ 4X4 «Audi» ពណ៌ខ្មៅ ហើយបានបាញ់ស្រោច ទៅលើក្រុមគ្រួសារ។
អាជ្ញាធរបានឲ្យដឹងទៀតថា នៅនឹងកន្លែង កម្លាំងនគរបាលបានប្រទះឃើញ សាកសពជនរងគ្រោះ ៦នាក់ ក្នុងនោះ ៣នាក់ជាស្ត្រី ២នាក់ជាបុរស និងម្នាក់ជាកុមារ។ ស្ត្រីពីរនាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍នោះ និងត្រូវបានដឹក ទៅកាន់មន្ទីរពេទ្យ។
នៅក្នុងការចុះផ្សាយ របស់សារព័ត៌មានក្នុងស្រុក បានអះអាងថា នៅក្នុងយប់ថ្ងៃព្រហស្បត្តិ៍ដដែលនោះ ហេតុការណ៍បាញ់ប្រហារ មានកើតឡើង ដល់ទៅ៣កន្លែង ដែលបណ្ដាលឲ្យមនុស្ស រហូតដល់៨នាក់ស្លាប់ ក្នុងនោះ២នាក់ ជាកូនក្មេង។
មកដល់ម៉ោងនេះ អាជ្ញាធរមិនទាន់អះអាង អំពីមូលហេតុ ដែលឈានទៅដល់ការបាញ់ប្រហារ យ៉ាងសាហាវព្រៃផ្សៃ នៅក្នុងព្រឹត្តិការណ៍ខាងលើនេះទេ។
រដ្ឋ «Guanajuato» ជាតំបន់មួយ ពីក្នុងចំណោមមជ្ឈមណ្ឌលឧស្សាហកម្ម ដ៏សំខាន់ៗ ជាច្រើនរបស់ប្រទេសម៉ិចសិក ដែលមានមនុស្សរស់នៅ ចម្រុះជាតិសាសន៍ និងមានពោរពេញ ដោយឧក្រិដ្ឋកម្ម។ តំបន់ទាំងនោះ ក៏ត្រូវបានប្រើប្រាស់ ដើម្បីចរាចរណ៍គ្រឿងញៀន ដោយបណ្ដាញជួញដូរគ្រឿងញៀនដែរ។
កាលពីឆ្នាំ២០១៩កន្លងទៅ ប្រទេសម៉ិចសិករងអំពើឧក្រិដ្ឋ ដោយការបាញ់សម្លាប់ ច្រើនជាងពេលណាទាំងអស់ ប្រមាណជា ៣៤ ៥៨២ករណី។ នេះ បើតាមតួលេខ ប្រកាសដោយអាជ្ញាធរ រាប់ចាប់ពីឆ្នាំ១៩៩៧ ដែលជាឆ្នាំ ដែលអាជ្ញាធរចាប់ផ្ដើម ធ្វើស្ថិតិលើអំពើឧក្រិដ្ឋ នៅលើផ្ទៃប្រទេស៕
រូបភាពខាងក្រោម បង្ហាញពីឧក្រិដ្ឋកម្មមួយ ដែលកើតឡើង ក្នុងក្រុង «Celaya» កាលពីដើមខែ ហើយត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព៖