ពិភពលោក

មេដឹកនាំ​ដ៏សំខាន់​ម្នាក់​របស់ អាល់កៃដា ត្រូវបាន​សម្លាប់​ដោយកងទ័ព​បារាំង

មេដឹកនាំដ៏សំខាន់ម្នាក់ នៃអង្គការភេរវនិយម «AQMI» ដែលជាសាខាមួយ របស់បណ្ដាញ អាល់កៃដា (Al-Qaïda) ប្រចាំក្នុងទ្វិបអាហ្វ្រិកខាងជើង ត្រូវបានសម្លាប់ ដោយកងទ័ពបារាំង ក្នុងទឹកដីភាគខាងជើង នៃប្រទេសម៉ាលី ជាប់នឹងព្រំដែន ជាមួយប្រទេសអាល់ហ្សេរី។

រដ្ឋមន្ត្រីក្រសួងកងទ័ពបារាំង អ្នកស្រី «Florence Parly» បានអះអាង កាលពីថ្ងៃសុក្រកន្លងមកថា លោក «Abdelmalek Droukdal» ជាតិអាល់ហ្សេរី ដែលជាប្រមុខអង្គការ «AQMI» ត្រូវបានសម្លាប់ រួមនឹងសហការី របស់មេដឹកនាំបណ្ដាញភេរវនិយម​រូបនេះ ជាច្រើននាក់ទៀត។

បើតាមអ្នកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្រៅពីមានតួនាទី ជាមេដឹកនាំ​របស់អង្គការភេរវនិយម ប្រចាំនៅទ្វីបអាហ្វ្រិកខាងជើង លោក «Abdelmalek Droukdal» គឺជាសមាជិកនាយក ដ៏សកម្មម្នាក់ របស់បណ្ដាញភេរវកម្ម អាល់កៃដា។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក បុរសម្នាក់នេះ បានដឹកនាំបណ្ដាញភេរវនិយម ដ៏ស៊ាំញ៉ាំ ដែលមានជាច្រើនក្រុម និងច្រើនពួក នៅក្នុងតំបន់។

ប៉ុន្តែ បើកងទ័ពបារាំងបាន​សម្លាប់ មេដឹកនាំចលនាភេរវនិយមរូបនេះ បានសម្រេចនោះ ក៏មានការរួមចំណែក ពីចារកម្មអាមេរិក​នៅក្នុងតំបន់ដែរ។ លោក «Chris Karns» អ្នកនាំពាក្យបញ្ជាការដ្ឋាន កងទ័ពអាមេរិក ប្រចាំនៅទ្វីបអាហ្វ្រិក បានថ្លែងតាមទូរទស្សន៍ «CNN» ថា៖

«អង្គភាព “US Africa Command” បានផ្ដល់ជំនួយ ជាពិសេសបានផ្ដល់ព័ត៌មានសម្ងាត់ ក៏ដូចជាកិច្ចគាំពារផ្សេងទៀត ដើម្បីឈានទៅឡោមព័ទ្ធ មុខសញ្ញាមួយនេះ៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។