ពិភពលោក

«Ursula von der Leyen» ជាបេក្ខនារី​ផ្លូវការ​ដើម្បី​ដឹកនាំ EU

ឥស្សរជនកំពូលរបស់អ៊ឺរ៉ុប ដែលអាចនឹងឡើង មកកាន់កាប់តំណែង ជាប្រធានគណៈកម្មការអ៊ឺរ៉ុប (ឬហៅម្យ៉ាងទៀត ជារដ្ឋាភិបាលដឹកនាំ EU) បន្តពីលោក «Jean-Claude Juncker» ដែលបានបញ្ចប់អាណត្តិរបស់លោក គឺជាស្ត្រីមួយរូប គឺអ្នកស្រី «Ursula von der Leyen» ដែលកំពុងកាន់តំណែង ជារដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់។

នេះ បើតាមការប្រកាសឲ្យដឹង របស់លោក «Donald Tusk» ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប នៅលើទំព័រទ្វីសធើររបស់លោក កាលពីមុននេះបន្តិច។ អ្នកស្រី «Ursula von der Leyen» អាយុ៦០ឆ្នាំ ត្រូវបានស្នើបេក្ខភាពរបស់អ្នកស្រី ដើម្បីឡើងមកដឹកនាំសហភាព អ៊ឺរ៉ុប បន្ទាប់ពីឆ្លងកាត់ការចរចា និងការពិភាក្សា រវាងប្រទេសធំៗ របស់អ៊ឺរ៉ុប តាំងពីច្រើនថ្ងៃកន្លងមក។

ដោយឡែក តំណែងជាប្រធានធនាគារកណ្ដាល នៃសហភាពអ៊ឺរ៉ុប (European Central Bank – ECB) ត្រូវបានស្នើបេក្ខភាពឡើង ដោយជ្រើសរើសយកអ្នកស្រី «Christine Lagarde» ជនជាតិបារាំង ដែលកំពុងកាន់កាប់តំណែង ជានាយិការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

សម្រាប់តំណែងជាប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប (ដែលលោក «Donald Tusk» កំពុងអង្គុយសព្វថ្ងៃ) ត្រូវបានស្នើបេក្ខភាព សម្រាប់លោក «Charles Michel» ដែលកំពុងកាន់តំណែង ជានាយករដ្ឋមន្ត្រី នៃរាជាណាចក្រប៊ែលហ្សិក។

រីឯតំណាងជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការបរទេស របស់សហភាពអ៊ឺរ៉ុប (ដែលអ្នកស្រី «Federica Mogherini» កំពុងអង្គុយសព្វថ្ងៃ) ត្រូវបានស្នើបេក្ខភាព សម្រាប់លោក «Josep Borrell» ដែលកំពុងកាន់តំណែង ជារដ្ឋមន្ត្រីការបរទេស នៃរាជាណាចក្រអេស្ប៉ាញ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។