ពិភពលោក

ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​ប្រទេស​ហ្គាបុង បាន​ទទួល​បរាជ័យ

ក្នុងថ្ងៃចន្ទទី៧ ខែមករា ឆ្នាំ២០១៩នេះ ការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយ នៅប្រទេសហ្គាបុង បានប្រព្រឹត្តិទៅ ប៉ុន្តែត្រូវបានរដ្ឋាភិបាលបង្ក្រាបភ្លាមៗ។ អ្នកនាំពាក្យរដ្ឋាភិបាល នៃប្រទេសហ្គាបុង បានថ្លែងឲ្យដឹងថា៖

«សភាពស្ងប់ស្ងាត់ បានត្រឡប់មកវិញ។ យើងបានគ្រប់គ្រងស្ថានការណ៍ បានទាំងស្រុងហើយ។»

កាលពីពេលព្រឹក វេលាម៉ោងប្រមាណជាង៦ មេដឹកនាំយោធាប៉ុន្មាន បានចូលទៅកាន់ស្ថានីយ៍វិទ្យុផ្សាយសម្លេង របស់រដ្ឋ និងបានអានដោយផ្ទាល់ នូវសារមួយ ដែលអះអាងឲ្យដឹង ពីការបង្កើតឲ្យមានឡើង នូវ«ក្រុមប្រឹក្សាស្ដារជាតិ»មួយ នៅក្នុងប្រទេស។ ក្រុមយោធា​ទាំងនោះ បានអំពាវនាវឲ្យប្រជាជន នាំគ្នា«ងើបឈរ»ឡើង នៅតាមដងផ្លូវ។

គួរបញ្ជាក់ដែរថា ប្រធានាធិបតីជាប់ឆ្នោត នៃប្រទេសហ្គាបុង លោក «Ali Bongo Ondimba» បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ តាំងពីខែតុលាកន្លងមក ខណៈពេលដែលលោកបានធ្វើដំណើរ ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ មកដល់សព្វថ្ងៃ លោកប្រធានាធិបតី មិនទាន់វិលត្រឡប់ ចូលប្រទេសវិញនៅឡើយ និងកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងរាជធានី រ៉ាបា នៃប្រទេសម៉ារ៉ុក។

ប្រធានាធិបតីនៃប្រទេសហ្គាបុង។ (រូបថត Reuters)

ក្នុងថ្ងៃចន្ទដដែលនេះ រថពាសដែកជាច្រើនគ្រឿង របស់កងទ័ពហ្គាបុង ត្រូវបានបញ្ជូន មកបិទមហាវិថី «ជ័យជំនះ» ដែលជាផ្លូវដ៏សំខាន់ នៃរដ្ឋធានី «Libreville» របស់ប្រទេស។ ស្នូរផ្ទុះអាវុធ បានលាន់ឮឡើង នៅជុំវិញស្ថានីយ៍វិទ្យុ និងទូរទស្សន៍ របស់រដ្ឋ។

បើតាមអាជ្ញាធរបានអះអាងថា មេដឹកនាំយោធា ដែលមានបំណងចង់ធ្វើរដ្ឋប្រហារ មានចំនួន​តែប៉ុន្មាននាក់​ប៉ុណ្ណោះ។ ពីក្នុងចំណោមនោះ មេដឹកនាំយោធា​៤នាក់ ត្រូវអាជ្ញាធរចាប់ខ្លួនបាន និងម្នាក់ទៀតកំពុងរត់គេខ្លួន៕

ទិដ្ឋភាពយករថពាសដែក មកដាក់ពាំងនៅកណ្ដាលមហាវិថី ជ័យជំនះ។ (រូបថតលើទ្វីសធើរ)
សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។

Tags: GabonPutsch