ពិភពលោក

អ៊ឺរ៉ុបប្រកាស«ឱសានវាទ» ខណៈ​ចិន​និង​រ៉ុស្ស៊ី ខ្ទប់ដំណោះស្រាយនៅ អ.ស.ប

ប្រទេសធំៗនៅអ៊ឺរ៉ុប បានប្រកាស​ប្រហាក់ប្រហែល​គ្នា ដាក់«ឱសានវាទ»​ទៅលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីក្នុងតំណែង​របស់ប្រទេស​វេណេស៊ុយអេឡា ថានឹងទទួល​ស្គាល់​​មេដឹកនាំប្រឆាំង លោក រ៉ន់ ហ្គេឌូ (Juan Guaido) ជាប្រធានាធិបតីស្របច្បាប់ របស់ប្រទេសនេះ ប្រសិនជាការរៀបចំ​ការបោះឆ្នោត​ជាថ្មីមួយ មិនត្រូវបាន​កំណត់ឡើង ក្នុង​រយៈពេល​៨ថ្ងៃ ខាងមុខទេ។

ឱសានវាទ​ត្រូវបានប្រកាសដំបូងឡើយ ដោយប្រទេសអេស្ប៉ាញ។ លោក ប៉េត្រូ សនឆេស (Pedro Sanchez) នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានឲ្យដឹងថា ប្រសិនជាការរៀបចំការបោះឆ្នោតឡើងវិញ ដែលមានលក្ខណៈយុត្តិធម៌ សេរី និងតម្លាភាព មិនត្រូវបានកំណត់ឡើង នៅក្នុងរយៈពេល៨ថ្ងៃ​ខាងមុខទេ អេស្ប៉ាញនឹងទទួលស្គាល់លោក រ៉ន់ ហ្គេឌូ ថាជាប្រធានាធិបតីស្របច្បាប់ របស់ប្រទេសវេណេស៊ុយអេឡា។

នៅប៉ុន្មាននាទីក្រោយមក ក្រុង ប៉ារីស និងក្រុង ប៊ែរឡាំង ក៏បានប្រកាស«ឱសានវាទ» ប្រហាក់ប្រហែលគ្នា នឹងក្រុង ម៉ាឌ្រីត ដែរ។ សារទាំងអស់នោះ ត្រូវបានសាទរភ្លាមៗ ដោយមេដឹកនាំប្រឆាំង លោក រ៉ន់ ហ្គេឌូ ដែលបានប្រកាសខ្លួន កាលពីថ្ងៃពុធ ជាប្រធានាធិបតីស្ដីទី នៃប្រទេសវេណេស៊ុយអេឡា។

«ឱសានវាទ»ខាងលើ អាចនឹងត្រូវសហភាពអ៊ឺរ៉ុប ប្រកាសតាមក្នុងពេលខាងមុខ បើទោះជាកាលពីថ្ងៃសុក្រ បណ្ដារដ្ឋសមាជិកទាំង២៨ នៅមានការខ្វែងគំនិតគ្នា ជុំវិញវិបត្តិនៅប្រទេស​វេណេស៊ុយអេឡា នេះក៏ដោយ។ ប្រទេសមួយចំនួន ក្នុងសហភាពអ៊ឺរ៉ុប គិតថា គួរត្រូវចេញសេចក្ដីប្រកាស ឲ្យបានខ្លាំងក្លា ដើម្បីបញ្ជូនសារ ទៅឲ្យលោក ម៉ាឌូរ៉ូ ខណៈប្រទេសក្រិច​បានជំទាស់គម្រោងនេះ។

នៅអង្គការសហប្រជាជាតិ កិច្ចប្រជុំបន្ទាន់មួយ ដែលស្នើឡើង​ដោយសហរដ្ឋអាមេរិក ត្រូវបានរៀបចំធ្វើ ក្នុងរសៀលថ្ងៃសៅរ៍នេះ ដោយមានការចូលរួម ពីប្រទេសជាច្រើន ជាពិសេសពីបណ្ដាប្រទេស នៅក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសវេណេសុយអេឡា លោក «Jorge Arreaza» ដែលស្និតលោក នីកូឡា ម៉ាឌូរ៉ូ ត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងកិច្ចប្រជុំនេះ ហើយគ្រោងឡើង​ថ្លែង​សុន្ទរកថា អំពី«ការពិត»មួយ។

កាលពីព្រឹកថ្ងៃសៅរ៍ សហរដ្ឋអាមេរិកបានស្នើ​សេចក្ដីប្រកាសមួយ ឡើងទៅក្រុមប្រឹក្សាសន្តិសុខ ដើម្បីផ្ដល់នូវ«ការគាំទ្រទាំងស្រុង» ចំពោះរដ្ឋសភា​​របស់ប្រទេស​វេណេស៊ុយអេឡា ដែលគ្រប់គ្រងដឹកនាំ ដោយគណបក្សប្រឆាំង។ សេចក្ដីប្រកាសនោះ នឹងផ្ដល់តួនាទីឲ្យអង្គការ​សហប្រជាជាតិ ដើម្បីនាំមកឲ្យប្រទេសនេះវិញ នូវលិទ្ធិប្រជាធិបតេយ្យ​ពេញលេញ។

ប៉ុន្តែសេចក្ដីប្រកាសនោះ ត្រូវបានរាំងខ្ទប់ភ្លាមៗ ដោយប្រទេសចិន និងរ៉ុស្ស៊ី។

មកដល់ម៉ោងនេះ មានតែសហរដ្ឋអាមេរិកតែមួយគត់ ពីក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ អ.ស.ប ទាំងប្រាំ ដែលទទួលស្គាល់លោក រ៉ន់ ហ្គេឌូ ជាប្រធានាធិបតីស្របច្បាប់ ខណៈសមាជិកអចិន្ត្រៃយ៍ចំនួនពីរ គឺចិន និងរ៉ុស្ស៊ី បានបង្ហាញជំហររបស់ផងខ្លួន យ៉ាងច្បាស់ ថានៅតែគាំទ្រ ដល់របបដឹកនាំរបស់លោក នីកូឡា ម៉ាឌូរ៉ូ ដដែល។

គម្រោងដំណោះស្រាយមួយទៀត ដែលស្នើឡើងដោយប្រទេសរ៉ុស្ស៊ី ក្នុងបំណងចងឲ្យមានការជជែក រវាងភាគីនយោបាយ នៅប្រទេសវេណេស៊ុយអេឡា ត្រូវបានសហរដ្ឋអាមេរិកច្រានចោលដូចគ្នា ដោយវាយតម្លៃដំណោះស្រាយនោះ ថា«មិនអាចទទួលយកបាន»៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។