តារា ជនល្បី

បើតាម​ទស្សនាវដ្ដី L’Obs បារាំង កឹម សុខា បានភៀសខ្លួនទៅ ហ្វាំងឡង់!

ជារឿង ដ៏ហួសចិត្តមួយ ដែលទស្សនាវដ្ដីដ៏ធំ របស់បារាំង បានសរសេរឈ្មោះវាគ្មិនច្រឡំ នៅក្នុងអត្ថបទចុះផ្សាយ របស់ខ្លួន ដោយថា ប្រធានគណបក្សប្រឆាំង លោក កឹម សុខា បានភៀសខ្លួនទៅ ហ្វាំងឡង់ ហើយ។ ទស្សនាវដ្ដីឈ្មោះ «L’Obs» បានសរសេរឃ្លាមួយ មានន័យថា៖

«លោក កឹម សុខា ឥស្សរជននយោបាយប្រឆាំង ដ៏សំខាន់ម្នាក់ ដែលសព្វថ្ងៃបាននិរទេសខ្លួន នៅប្រទេសហ្វាំងឡង់… (Kem Sokha, figure de l’opposition aujourd’hui en exil en Finlande…)។»

កំហុសខាងលើ ជារឿងមួយ។ តែនៅមានកំហុសមួយទៀត៖ នោះ គឺអត្ថបទរបស់ «L’Obs» បានស្រង់សំដីវាគ្មិនរូបនោះ​មកបង្ហាញ ដោយបញ្ជាក់ថា ជាការអះអាងរបស់ «អតីតប្រធានគណបក្សសង្គ្រោះជាតិ របស់ប្រទេសកម្ពុជា ដែលត្រូវបានរំលាយ​ដោយ​លោក ហ៊ុន សែន (… a ajouté l’ancien président du Parti du sauvetage national du Cambodge, dissout par Hun Sen)»។

តាមទំនងមើលទៅ ឃ្លាទាំង​ប៉ុន្មាន​ខាងលើ ត្រូវបានទស្សនាវដ្ដី «L’Obs» ដកស្រង់​ចេញ​ពីសារព័ត៌មាន «New York Time» ដែលបានសម្ភាស​លោក គីម សុខ អ្នកវិភាគនយោបាយ ពីប្រទេស​ហ្វាំងឡង់ យកមកចុះផ្សាយ ​នៅក្នុងអត្ថបទមួយ ដែលនិយាយថា របបក្រុងភ្នំពេញសព្វថ្ងៃ ចូលចិត្ត«សម្ញែងខ្លួន» តាមរយៈការបំបែកឯកត្តកម្ម«ដែល​គ្មាន​ប្រយោជន៍​ជាដុំកំភួន» មានដូចជា ធ្វើនំ​អន្សម​ធំជាងគេ ក្រមាវែង​ជាងគេ និងចុងក្រោយ ទូកងវែងជាងគេនោះ ជាដើម។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានព្យាយាមសាកសួរ ទៅកាន់ «L’Obs» ដើម្បីចង់បានការស្រាយបំភ្លឺ តែមិនទាន់​ឃើញឆ្លើយ មកវិញនៅឡើយ។

យ៉ាងណា វាអាចត្រឹមជាកំហុស ដោយអចេតនា របស់អ្នកវាយអត្ថបទ ដែលជក់ដៃជាមួយឈ្មោះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលគេស្គាល់ច្រើន ជាជាងលោក គីម សុខ។

ម្ចាស់សំណេរ ដែលមិនត្រូវបាន “L’Obs” បញ្ចេញឈ្មោះនោះ ទំនងជាមិនគិតដល់ទេថា បើខ្លួនត្រូវ​សរសេរ​ពីលោក កឹម សុខា គឺម្ចាស់អត្ថបទកំពុងច្រឡំទាំងស្រុង ដោយហេតុថា ប្រធានគណបក្សប្រឆាំង កំពុងជាប់ឃុំ នៅក្នុងគេហដ្ឋានលោក ក្រោមការឃ្លាំមើល យ៉ាងតឹងតែង ពីអាជ្ញាធររបបដឹកនាំ​ក្រុងភ្នំពេញ នៅឡើយ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។