ពិភពលោក

ត្រាំ អបអរ​ជ័យជំនះ​ក្រុម​កីឡាការិនី​បាល់ទាត់​អាមេរិក… ជាង​ពីរម៉ោង​ក្រោយ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រើពេលដល់ទៅ ជាង​ពីរម៉ោង​ក្រោយ ដើម្បីអបអរសាទរជ័យជំនះ របស់ក្រុមជម្រើសជាតិអាមេរិក ដែលបានលើកពានបាល់ទាត់ពិភពលោក ជាលើកទី៤ ក្នុងយប់ថ្ងៃនេះ បន្ទាប់ពីបានប្រកួតឈ្នះក្រុមបាល់ទាត់ហូឡង់ ក្នុងពិន្ទុ២-១។

លោក ត្រាំ បានសរសេរនៅលើទំព័រទ្វីសធើរ របស់លោកថា៖

«អបអរសាទរក្រុមកីឡាការិនីបាល់ទាត់អាមេរិក សម្រាប់ជ័យជំនះរបស់ពួកនាង នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ ជាការប្រកួតដ៏ធំ និងគួរឲ្យស្ងប់ស្ងែងណាស់។ ប្រទេសអាមេរិក ពិតជាមានមោទនភាពក្រៃលែង ចំពោះអ្នក។»

សំណេររបស់ប្រធានាធិបតី នៃប្រទេសមហាអំណាច ចំពោះជ័យជំនះរបស់ក្រុមជម្រើសជាតិខ្លួន បានធ្វើឡើងនៅ​«ជាង​ពីរម៉ោង​ក្រោយ» ពីការប្រកួតរបានបញ្ចប់ ពោលគឺសាររបស់លោក ត្រាំ បង្ហោះនៅម៉ោង២១និង១១នាទី ខណៈការប្រកួតបានបញ្ចប់ទៅ នៅម៉ោង១៨និង៥៥នាទី (ម៉ោងក្នុងប្រទេសបារាំង)។

ផ្ទុយទៅវិញ លោក បារ៉ាក់ អូបាម៉ា អតីប្រធានាធិបតីអាមេរិក មានភាពរហ័សរហួនជាងលោក ត្រាំ ដោយបានបង្ហោះសារអបអរសាទររបស់លោក នៅម៉ោង១៧និង២០នាទី។ លោក អូបាម៉ា បានសរសេរថា៖

«អបអរសាទរ សម្រាប់ក្រុមកីឡាការិនីដ៏ចែងចាំង របស់សហរដ្ឋអាមេរិក ដែលបានបំបែកឯកតកម្ម។ ជាក្រុមបាល់ទាត់ដ៏អស្ចារ្យ ដែលបន្តរីកលូតលាស់ជានិច្ច ក៏ដូចជាពួកយើងទាំងអស់គ្នាដែរ (…) ខ្ញុំស្រឡាញ់ក្រុមបាល់ទាត់មួយនេះ។»

អតីតប្រធានាធិបតីអាមេរិក បានបង្ហោះសារខាងលើ នៅម៉ោង១៩និង២០នាទី ពោលគឺ២៥នាទីក្រោយការប្រកួតបានបញ្ចប់។ តែអ្នកស្រី ម៉េឡានី ត្រាំ (Melania Trump) ភរិយាលោក ត្រាំ បានបង្ហោះសារ ដើម្បីថ្លែងពីការរីករាយរបស់អ្នកស្រី បានមុនលោក អូបាម៉ា ទៅទៀត។

អ្នកស្រី ត្រាំ បានសរសេរសារ នៅម៉ោង១៩និង១២នាទី ដូច្នេះថា៖

«ចូលរួមអបអរសាទរ សម្រាប់ម្ចាស់ជើងឯកបាល់ទាត់ពិភពលោក ផ្នែកស្ត្រី ឆ្នាំ២០១៩៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។