ពិភពលោក

ប្រធានសភា​អ៊ឺរ៉ុប​ថ្មី ជា​អ្នកសារព័ត៌មាន​និយមឆ្វេង របស់​ប្រទេស​អ៊ីតាលី

លោក ដាវីដ សាសូលី (David Sassoli) អ្នកនយោបាយនិយមឆ្វេង របស់​ប្រទេស​អ៊ីតាលី បានឈ្នះឆ្នោតជ្រើសតាំង ក្នុងតំណែងជាប្រធានសភាអ៊ឺរ៉ុប ដោយសម្លេង៣៤៥ ទល់នឹង៦៦៧ នៅក្នុងការបោះឆ្នោតជុំទីពីរ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ។

បុរសអាយុ៦៣ឆ្នាំរូបនេះ ដែលមានជំនាញជាអ្នកសារព័ត៌មាន បានឈ្នះដាច់ពីលើលោក «Jan Zahradil» ជាតិឆែក (អភិរក្សនិយម – ស្ដាំនិយម) លោក «Ska Keller» ជាតិអាល្លឺម៉ង់ (បរិស្ថាននិយម) និងលោក «Sira Rego» អ្នកជាតិអេស្ប៉ាញ (ឆ្វេងនិយមតឹង)។

លោក ដាវីដ សាសូលី បានមានវត្តមានក្នុងសភាអ៊ឺរ៉ុប តាំងពីឆ្នាំ២០០៩ និងធ្លាប់ជាអនុប្រធានស្ថាប័ននីតិបញ្ញត្តិ របស់សហភាពអ៊ឺរ៉ុបមួយនេះ កាលពីអាណត្តិមុន។ លោកនឹងត្រូវមកបន្តតំណែង ពីលោក «Antonio Tajani» ដែលជាជនជាតិអ៊ីតាលីដូចគ្នា តែមាននិន្នាការនយោបាយខុសគ្នា (អភិរក្សនិយម)។

ការឡើងកាន់តំណែង ជាប្រធានសភាអ៊ឺរ៉ុប របស់លោក ដាវីដ សាសូលី នឹងធ្វើឲ្យប្រទេសអ៊ីតាលី កាន់កាប់តំណែងមួយ ពីក្នុងចំណោមតំណែង ដ៏កំពូលទាំង៣ របស់សហភាពអ៊ឺរ៉ុប។ ប៉ុន្តែដោយសារនិន្នាការនយោបាយខុសគ្នា លោក ដាវីដ សាសូលី នឹងមិនភ្ជាប់មេត្រីភាពនយោបាយ ជាមួយរដ្ឋាភិបាលប្រជានិយមសព្វថ្ងៃ របស់ប្រទេសអ៊ីតាលីនោះឡើយ។

ក្នុងពេលកន្លងមក ឥស្សរជនអ៊ីតាលីសំខាន់ៗចំនួនពីររូប បានកាន់តំណែងដ៏សំខាន់របស់អ៊ឺរ៉ុប គឺលោក «Mario Draghi» ជាប្រធានធនាគារកណ្ដាល នៃសហភាពអ៊ឺរ៉ុប និងអ្នកស្រី «Federica Mogherini» ជាប្រមុខការទូតអ៊ឺរ៉ុប។ ប៉ុន្តែអ្នកនយោបាយ ដ៏មានឥទ្ធិពលទាំងពីររូប បានប្រកាសមិនបន្តតំណែងទាំងនេះ នៅក្នុងអាណត្តិក្រោយទៀតទេ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។