ពិភពលោក

បៃដិន៖ ការវាយប្រហារ​តាមអ៊ិនធើណែត​ពីរ៉ុស្ស៊ី នឹងទទួល​«ការឆ្លើយតប»

ការវាយប្រហារផ្នែកបច្ចេកវិទ្យា តាមបណ្ដាញអ៊ិនធើណែត ពីសំណាក់ប្រទេសរ៉ុស្ស៊ី ទៅលើបណ្ដាភ្នាក់ងាររដ្ឋាភិបាលអាមេរិក នឹង​មិនអាច​បន្តនៅ​ដោយគ្មាន​«ការឆ្លើយតប»ឡើយ។ ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានអះអាងឡើងយ៉ាងដូច្នេះ និងបានបរិហារ អំពីភាពមិនអើពើ​របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីជិត​ផុតអាណត្តិ។

នៅក្នុងសន្និសីទសារព័ត៌មាន ក្នុងថ្ងៃអង្គារពី២២ ខែធ្នូ លោក បៃដិន បញ្ជាក់ថា លោកនិងរដ្ឋបាលរបស់លោក និងមិនបន្តឲ្យ​ការវាយប្រហារ​ផ្នែកបច្ចេកវិទ្យានេះ បន្តនៅដោយគ្មាន​«ការឆ្លើយតប» ដោយលោកបានលើកឡើង ពីវិធានការដ៏ចាំបាច់ ដើម្បីវាយបក​ទៅលើអ្នកទទួលខុសត្រូវ ចំពោះទង្វើខាងលើ។ លោកប្រធានាធិបតីជាប់ឆ្នោត បានបន្តថា៖

«ការវាយប្រហារនេះ បានកើតឡើងឡើង ក្រោមការឃ្លាំមើល របស់លោក ដូណាល់ ត្រាំ តែលោកមិនបានអើពើ យកភ្នែកមើលទេ។»

លោក បៃដិន លើកឡើងថា ការបំពាក់ប្រព័ន្ធសុវត្ថិភាព ចំពោះលំហអ៊ិនធើណែត សម្រាប់ភ្នាក់ងារ​រដ្ឋាភិបាល អាចនឹងត្រូវចំណាយប្រាក់ រាប់ពាន់លានដុល្លារ។ លោករៀបរាប់ទៀតថា៖

«ខ្ញុំនឹងធ្វើរឿងណា ដែលចាំបាច់ ក្នុងនោះទី១ កំណត់ទំហំនៃការខូចខាត ទី២ តើវាកើតឡើងរបៀបណា និងទី៣ គឺអ្វីដែលខ្ញុំត្រូវធ្វើ នៅក្នុងផ្ទៃក្នុង​នៃរដ្ឋបាលរបស់ខ្ញុំ ដើម្បីការពារលំហអ៊ិនធើណែត នាពេលអនាគត។»

ក្នុងពេលកន្លងមក លោក ដូណាល់ ត្រាំ បានព្យាយាមកាត់បន្ថយ អំពីទំហំនៃការវាយប្រហារ​តាមអ៊ិនធើណែត ក៏ដូចជាទំហំ នៃការទទួលខុសត្រូវ​របស់ប្រទេសរ៉ុស្ស៊ី នៅក្នុងសង្គ្រាមមួយនេះ។ ផ្ទុយទៅវិញ លោក«Bill Barr» រដ្ឋមន្ត្រីយុត្តិធម៌ ដែលកំពុងត្រៀម​ចាកចេញ​ពីរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃចន្ទ បញ្ច្រាសពីលោក ដូណាល់ ត្រាំ ដោយអះអាងថា ក្រុងមូស្គូពិតជានៅ​ពីក្រោយ​សកម្មភាពទាំងនោះ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។