ពិភពលោក

Covid-19៖ នៅរុស្ស៊ី រកឃើញ​ករណីឆ្លង​ជិត​១ម៉ឺននាក់ ត្រឹមតែ​១ថ្ងៃ

ប្រទេសរុស្ស៊ី បានរកឃើញករណីឆ្លងជំងឺ «Covid-19» មានចំនួន ៩ ៧០៩នាក់ ត្រឹមតែ​១ថ្ងៃ ខណៈអ្នកជំងឺស្លាប់ មានចំនួន ៩៤នាក់ ដែលជាចំនួនដ៏ច្រើន ជាលើកទី៣ ក្នុងរយៈពេល ១សប្ដាហ៍កន្លងទៅនេះ។

របាយការណ៍តួលេខ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ បង្ហាញថា មកដល់ម៉ោងនេះ ករណីមនុស្សស្លាប់ នៅក្នុងប្រទេសរុស្ស៊ី បានកើនឡើង រហូតដល់ ២ ៦៣១នាក់ ពីក្នុងចំណោមអ្នកឆ្លងជំងឺ ២៨១ ៧៥២នាក់ នៅទូទាំងប្រទេស។

ចំនួនអ្នកឆ្លងជំងឺ «Covid-19» នៅក្នុងប្រទេស ដែលមានផ្ទៃដី ធំជាងគេមួយនេះ បាននៅពីក្រោយ​សហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងមេរោគ កើនឡើងដល់ ១ ៥១៦ ០៧៤នាក់ និងអ្នកជំងឺស្លាប់ មាន ៨៩ ៩៣២នាក់។

ចំនួនករណីឆ្លងដ៏សន្ធឹកសន្ធាប់ បានកើតឡើង ស្របនឹងការរិះគន់ ដែលបានគិតថា តួលេខអ្នកជំងឺស្លាប់ មិនសមប្រកប ជាមួយនឹងតួលេខអ្នកស្លាប់ ដែលប្រកាសចេញជាផ្លូវការនោះទេ និងចោទថា អាជ្ញាធរបានលាក់តួលេខ នៃអ្នកជំងឺស្លាប់។

ប៉ុន្តែការចោទប្រកាន់ខាងលើ ត្រូវបានអាជ្ញាធរសុខាភិបាលរុស្ស៊ី ច្រានចោល ដោយបញ្ជាក់ថា តួលេខដែលបានប្រកាស ជាផ្លូវការនោះ គឺអ្នកជំងឺដែលបានស្លាប់ ដោយមូលហេតុចម្បង គឺជំងឺ «Covid-19»។

អាជ្ញាធរបកស្រាយទៀតថា ដោយហេតុថា ការរាតត្បាត បានមកដល់ប្រទេសរ៉ុស្ស៊ី ក្រោយគេ ដូច្នេះហើយ ទើបអាជ្ញាធរមានពេលវេលា ក្នុងការរៀបចំមន្ទីរពេទ្យ និងការធ្វើតេស្ដិ៍ ដ៏ទូលំទូលាយ សម្រាប់ពលរដ្ឋទូទៅ (ដែលអាចកាត់បន្ថយចំនួនអ្នកស្លាប់)៕ 

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។