ពិភពលោក

Covid-19 ៖ មកដល់​ម៉ោង​នេះ អ្នកជំងឺ​សរុប​ជាង១១ពាន់​នាក់ បានស្លាប់

មកដល់​ម៉ោង​នេះ ជំងឺរលាកផ្លូវដង្ហើម ប្រភេទថ្មី បណ្ដាលមកពីមេរោគ«កូរូណា» ឬ«Covid-19» បានសម្លាប់​អ្នកជំងឺសរុប ជាង១១ពាន់នាក់ហើយ។

តុល្យភាពចុងក្រោយ ដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ បង្ហាញថា មនុស្សចំនួន ១១ ៥៥៤នាក់ បានស្លាប់ ពីក្នុងចំនួនអ្នកជំងឺសរុប ២៧៨ ៤៧៤នាក់ នៅលើពិភពលោក។

តួលេខខាងលើ បានអះអាងថា ប្រទេសចិនដែលមានចំនួនអ្នកឆ្លង ច្រើនជាងគេ (៨១ ០០៨នាក់) មានចំនួនអ្នកស្លាប់ ៣ ២៥៥នាក់ ដែលតិចជាងប្រទេសអ៊ីតាលី ដែលមានមនុស្សស្លាប់ រហូតដល់ ៤ ០៣២នាក់ ពីក្នុងចំណោមពលរដ្ឋអ៊ីតាលី ដែលឆ្លងមេរោគ ចំនួន ៤៧ ០២១នាក់។

បើរាប់ចាប់ពីការរាតត្បាតដំបូង មកដល់​ពេល​នេះ អ្នកជំងឺចំនួន ៥ ១២៩នាក់ ក្នុងប្រទេសអ៊ីតាលី បានជាសះស្បើយ ខណៈក្នុងប្រទេសចិន អ្នកជំងឺជាសះស្បើយ មានចំនួន ៧៤ ៧៣១នាក់។

ប្រទេសដែលរងការរាតត្បាតខ្លាំង បន្ទាប់ពីប្រទេសទាំងពីរខាងលើ គឺប្រទេសអេស្ប៉ាញ ដែលចំនួនអ្នកឆ្លង បានកើនឡើងដល់  ២៤ ៩៨០នាក់ និងចំនួនអ្នកស្លាប់ បានកើនឡើងដល់ ១ ៣៤៧នាក់។

ផ្ទុយទៅវិញ ក្នុងប្រទេសអៀរ៉ង់ អត្រាអ្នកស្លាប់ មានចំនួនច្រើនជាងគេ (១ ៥៥៦នាក់) បើធៀបនឹងចំនួនអ្នកឆ្លង ដែលមានចំនួន ២០ ៦១០នាក់។ ចំនួនអ្នកឆ្លងនេះ ធ្វើឲ្យប្រទេសអៀរ៉ង់ ឈរនៅលេខ៥ បន្ទាប់ពីចិន អ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់។

បន្ទាប់ពីប្រទេសអៀរ៉ង់ គឺសហរដ្ឋអាមេរិក ជាមួយនឹងតួលេខអ្នកឆ្លង មានចំនួន ១៩ ៨៤៣នាក់ និងអ្នកស្លាប់ មានចំនួន ២៧៦នាក់។ រីឯប្រទេសបារាំង មានអ្នកជំងឺឆ្លងមេរោគចំនួន ១២ ៦១២នាក់ និងអ្នកស្លាប់ចំនួន ៤៥០នាក់។

មកដល់​ម៉ោង​នេះ កម្ពុជាមានអ្នកជំងឺ ៥៣នាក់

ដោយឡែក ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺ បានកើនឡើងដល់៥៣នាក់។ នេះ បើតាមតួលេខ ផ្ដល់ដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា នៅមុននេះបន្តិច។

ករណីអ្នកជំងឺស្លាប់ ជាលើកដំបូង បានកើតមាន នៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសអារ៉ាប់រួម លីតួអានី អ៊ីស្ត្រាអែល និងប៉ារ៉ាហ្គាយជាដើម។

មកដល់​ម៉ោង​នេះ បណ្ដាប្រទេស​ និងដែនដី ចំនួន១៦៤ ក្នុងពិភពលោកទាំងមូល បានឆ្លងជំងឺខាងលើ។ ប៉ុន្តែចំនួនអ្នកឆ្លងមេរោគ«Covid-19» អាចមានចំនួនច្រើនជាង ២៧៤ ៤៧៤នាក់ ដោយហេតុថា ប្រទេសនិងដែនដីមួយចំនួនធំ បានរកឃើញករណីឆ្លង តែនៅពេលដែលអ្នកជំងឺ ទៅស្វែងរកការធ្វើតេស្ដិ៍ ដោយខ្លួនឯងប៉ុណ្ណោះ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។