សហជីពអ្នកឆ្នៃម៉ូដអាមេរិក ហៅកាត់ជាភាសាអង់គ្លេស «CFDA» បានអំពាវនាវ ទៅកាន់អ្នកឆ្នៃម៉ូដសម្លៀកបំពាក់ លំដាប់ខ្ពស់ៗទាំងឡាយ ឲ្យហៅស្ត្រីដែលមានសាច់ ឲ្យឡើងទៅដើរបង្ហាញម៉ូដ សម្រាប់កម្មវិធីរបស់ផងខ្លួន។
អ្នកទទួលខុសត្រូវ របស់សហជីពខាងលើ លោក «Marc Karimzadeh» និងលោក «Nicky Campbell» បានថ្លែងតាមរយៈគេហទំព័រ របស់ខ្លួនថា៖
«យើងបានចាប់ផ្ដើមឃើញ ពីសញ្ញាទាំងឡាយ ដែលបង្ហាញថា ការបង្ហាញម៉ូដកំពុងដើរទៅមុខ នៅក្នុងទិសដៅដ៏ល្អ។»
ប៉ុន្តែ «អ្នកឆ្នៃម៉ូដ ដូចយ៉ាងលោក “Michael Kors” និងលោក “Christian Siriano” ជាដើម កំពុងអនុវត្តន៍អាជីពរបស់ខ្លួន ជាមួយនឹងស្ត្រីបង្ហាញម៉ូដ ដែលធ្វើឲ្យងាកចេញ ពីទម្លាប់កន្លងមក។»
ការលើកឡើង របស់អ្នកទទួលខុសត្រូវទាំងពីររូប ចង់មានន័យសំដៅ ទៅរកនិន្នការនៃអ្នកឆ្នៃម៉ូដ ដែលយកតែស្ត្រីរាងស្រឡូន ស្ដើងៗ ដែលមានរង្វង់ចង្កេះ ធំបំផុតទំហំ ៣៤ មកដើរបង្ហាញម៉ូដ ឲ្យខ្លួន។ ជម្រើសរបស់អ្នកឆ្នៃម៉ូដ អាចធ្វើឲ្យក្រុមស្ត្រី ដែលមានទំហំចង្កេះទូលាយៗ រងការរើសអើង ក្នុងមជ្ឈដ្ឋានបង្ហាញម៉ូដ។
សហជីពបានចុចចំឈ្មោះ យកមកបញ្ជាក់ នូវស្ត្រីដែលមានចង្កេះទូលាយៗ ដូចយ៉ាងនាង «Ashley Graham» ទំហំចង្កេះ ៤៨ – នាង «Candice Huffine» ទំហំចង្កេះ ៤៤ និងនាង «Paloma Elsesser» ទំហំចង្កេះ ៤៤-៤៦ ជាដើម។
ការសិក្សាមួយ ដែលត្រូវបានផ្សាយ ក្នុងឆ្នាំ២០១៨ ដោយសហគ្រាស «Plunkett Research» បានឲ្យដឹងថា ស្ត្រីអាមេរិកាំង រហូតដល់៦៨% មានទំហំចង្កេះធំជាង ៤៤។
លោក «Marc Karimzadeh» និងលោក «Nicky Campbell» បានបន្តសរសេរទៀតថា៖
«ការមើលឃើញបែបវិជ្ជមាន ចំពោះរាងកាយមនុស្ស មានសារសំខាន់ណាស់ នៅក្នុងពិភពបង្ហាញម៉ូដ ហើយយើងចង់ឃើញ អ្នកឆ្នៃម៉ូដទាំងឡាយ ចូលរួមក្នុងនិន្នាការនេះ សម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៩។»
សេចក្ដីអំពាវនាវ របស់សហជីពអ្នកឆ្នៃម៉ូដ មិនមែនទើបនឹងធ្វើឡើង ជាលើកទីមួយទេ។ តែក្រុមអ្នកឆ្នៃម៉ូដសម្លៀកបំពាក់ លំដាប់ខ្ពស់ៗអាមេរិក ហាក់មិនចាប់អារម្មណ៍ អ្វីទាំងអស់ ឬអាចយកសេចក្ដីអំពាវនាវ ក្នុងពេលកន្លងមក ទៅគ្រវាត់ចោលថែមទៀតផង៕