ពិភពលោក

យន្ដហោះ​ចុះចត​ខុសផ្លូវ ហើយ​ធ្លាក់ចូល​ទន្លេ នៅ​ផ្លរីដា

ការភ័យតក់ស្លុត បានកើតឡើងនៅភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក៖ យន្ដហោះប្រភេទ ប៊ូអីង (Boeing 737) មួយគ្រឿងបានបញ្ចប់ការហោះហើររបស់ខ្លួន នៅក្នុងទឹកទន្លេ ដែលនៅក្បែរព្រលានយន្ដហោះយោធា «Jacksonville» ក្នុងរដ្ឋ​ផ្លរីដា ។ ជាសំណាងល្អ នៅក្នុងគ្រោះថ្នាក់នេះ មិនមានអ្នករងគ្រោះដល់ជីវិតទេ។

ហេតុការណ៍បានកើតឡើង នៅម៉ោង៩ និង៤០នាទី យប់ថ្ងៃសុក្រទី៣ ខែឧសភា ឆ្នាំ២០១៩ នៅខណៈពេលដែលយន្ដហោះ ដែលមានមនុស្សជិះ១៤៣នាក់ (រួមទាំងបុគ្គលិកបម្រើការ ក្នុងយន្តហោះ) បានចុះចត។

នគរបាលតំបន់​បានអះអាងថា ក្រុមអ្នកជួយសង្គ្រោះ បានធ្វើអន្តរាគមន៍ភ្លាមៗ ដើម្បីជម្លៀសអ្នកដំណើរចេញពីយន្ដហោះ ហើយអ្នករបួស២១នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

យន្តហោះប៊ូអ៊ីងមួយនេះ បានហោះចេញ ពីមូលដ្ឋានយោធា «Guantanamo» ដែលស្ថិតនៅភាគខាងត្បូងកោះគុយបា។ អ្នកដំណើរនៅក្នុងយន្តហោះ សុទ្ធសឹងជាបុគ្គលិកក្នុងមូលដ្ឋានយោធា និងក្រុមគ្រួសាររបស់ពួកគេ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលសហព័ន្ធ បានប្រកាសបើកការស៊ើបអង្កេត ដើម្បីស្វែងរកការពិត ពីមូលហេតុដែលបានកើតឡើង ទៅលើគ្រោះថ្នាក់ខាងលើ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។