ពិភពលោក

អូទ្រីស៖ ផ្ទុះអំពើភេរវកម្ម​៦កន្លែង ក្នុងរដ្ឋធានី​វីយែន យប់ថ្ងៃចន្ទនេះ

ការផ្ទុះអាវុធជាច្រើន បានកើតឡើង ក្នុងរដ្ឋធានី​វីយែន (Vienne) នៃប្រទេសអូទ្រីស យប់ថ្ងៃចន្ទនេះ។ របាយការណ៍ដំបូង ផ្សាយដោយសារព័ត៌មានក្នុងស្រុក ឲ្យដឹងថា នគរបាលម្នាក់ និងខ្មាន់កាំភ្លើងម្នាក់ទៀត បានស្លាប់ ខណៈមនុស្សច្រើននាក់ បានរងរបួស។ ខ្មាន់កាំភ្លើងម្នាក់ផ្សេង បានរត់គេចខ្លួន។

តែតុល្យភាពក្នុងនាទីចុងក្រោយ ទំនងជាមានសភាពធ្ងន់ធ្ងរ ជាងអ្វីដែលបានផ្សាយ​មុនៗ។

សារព័ត៌មានទាំងនោះ បានលើកឡើងថា នោះជាការវាយប្រហារ ប្រឆាំងព្រះវិហារ​សាសនាជីហ្វ ដែលស្ថិតនៅកណ្ដាលរដ្ឋធានី និងមានការចាប់ចំណាប់ខ្មាំង នៅក្នុង​សង្កាត់មួយទៀត ដែលស្ថិតនៅចំងាយ ១គីឡូម៉ែត្រ ពីព្រះវិហារនោះ។ មកដល់ម៉ោងនេះ សេចក្ដីរាយការណ៍ បានបញ្ជាក់ថា ការវាយប្រហារបានធ្វើឡើង ទៅលើ៦កន្លែងខុសគ្នា និងក្នុងពេលតែមួយ។

នគរបាលអូទ្រីស បានស្នើឲ្យពលរដ្ឋកុំធ្វើការចែកចាយ រូបថតឬវីដេអូ ជុំវិញហេតុការណ៍​ទាំងនេះ ដែលអាចធ្វើឲ្យប៉ះពាល់ ដល់ចំណាត់ការ របស់អាជ្ញាធរ។

នៅលើបណ្ដាញសង្គម​ទ្វីសធើរ (Twitter) នគរបាលបានបញ្ជាក់ថា ប្រតិបត្តិការដ៏សំខាន់ កំពុងប្រព្រឹត្តិទៅ​នៅឡើយ ក្នុងពេលអត្ថបទកំពុងសរសេរ និងបានអំពាវនាវ​ទៅកាន់​ពលរដ្ឋ កុំឲ្យធ្វើដំណើរទៅកាន់តំបន់កើតហេតុ។

អ្នកសារព័ត៌មានក្នុងស្រុកមួយរូប ដែលអះអាងថា មានរូបភាពពីខ្មាន់កាំភ្លើង បានរៀបរាប់ថា ជននោះបានស្លៀកពាក់ សម្លៀកបំពាក់ប្រយុទ្ធ បានធ្វើការបាញ់ប្រហារ ទៅលើនរណាក៏ដោយ ដែលនៅពីមុខខ្លួន ក្នុងជុំវិញព្រះវិហារ។ តែអ្នកសារព័ត៌មានរូបនោះ បញ្ជាក់ថា លោកមិនទាន់បញ្ចេញរូបភាពនោះ ដើម្បីគោរពដល់បទបញ្ជារ និងការងារ របស់អាជ្ញាធរ។

ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានអូទ្រីស «APA» អ្នកនាំពាក្យនៃក្រុមជួយសង្គ្រោះ បានបង្ហើបឲ្យដឹងថា តុល្យភាពនៃជនរងគ្រោះដល់ជីវិត ទំនងកើនឡើង រវាងពី៣នាក់ ទៅដល់៨នាក់។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កំពុងតាមដានហេតុការណ៍នេះ នឹងផ្សាយ​ព័ត៌មាន​បន្ថែមទៀត ក្នុងអត្ថបទក្រោយៗរបស់ខ្លួន៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។