ប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) ទំនងជាបានទទួលស្គាល់ដោយប្រយោល «បរាជ័យ»របស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០។ លោកបានធ្លោយមាត់ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ក្នុងរសៀលថ្ងៃសុក្រទី១៣ ខែវិច្ឆិកានេះ ដែលជាការបង្ហាញមុខជាសាធារណៈ ជាលើកដំបូង រាប់ចាប់ពីលទ្ធផលព្យាករណ៍ កាលពីសប្ដាហ៍មុន បង្ហាញថាលោកបានចាញ់លោក ចូ បៃដិន (Joe Biden) ដែលជាបេក្ខជន មកពីគណបក្សប្រជាធិបតេយ្យ។
ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន ដែលប្រព្រឹត្តិទៅ ក្នុងឧទ្យាននៃសេតវិមាន លោក ត្រាំ បានសង្កត់ធ្ងន់ជាមួយប្រធានបទ តែមួយរបស់លោក គឺជំងឺរាតត្បាត«Covid-19» ដែលកំពុងបង្ហាញសន្ទុះជាថ្មីទៀត នៅសហរដ្ឋអាមេរិក។ តែលោក បានធ្លោយមាត់ និយាយចេញ ទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោត ដែលខុសពីការរំពឹងទុក របស់លោក។
លោកប្រធានាធិបតីចប់អាណត្តិ បានលើកឡើងថា៖
«ខ្ញុំគិតថា ពេលវេលានឹងបញ្ជាក់ប្រាប់យើង ថាតើរដ្ឋបាលរបស់ប្រធានាធិបតីណា ដែលនឹងឡើងកាន់អំណាច ក្នុងពេលខាងមុខ។ តែទោះជាមានរឿងអ្វីក៏ដោយ ក៏ខ្ញុំអាចបញ្ជាក់ប្រាប់លោកអ្នកដែរថា រដ្ឋបាលមួយនេះ (រដ្ឋបាលរបស់លោក) នឹងមិនដាក់បម្រាម ឲ្យបិទប្រទេសឡើយ។»
ការថ្លែងឡើង ក្នុងផ្លូវពីរមិនច្បាស់លាស់បែបនេះ មានលក្ខណៈផ្ទុយគ្នាទាំងស្រុង ទៅនឹងជំហររបស់លោក ដែលបានប្រកាសជ័យជំនះភ្លាមៗ ក្នុងយប់ថ្ងៃបោះឆ្នោត និងប្រាប់ឲ្យឈប់រាប់សន្លឹកឆ្នោត ដើម្បីអ្វីមួយដែលលោកហៅថា សន្លឹកឆ្នោតដែលមិនទាន់រាប់ សុទ្ធសឹងជាសន្លឹកឆ្នោតក្លែងក្លាយ ឬការលួចបន្លំ។
លទ្ធផលព្យាករណ៍ចុងក្រោយ សរុបពីរដ្ឋទាំង៥០ រួមនឹងរដ្ឋធានី វ៉ាស៊ីនតោន (Washinton DC) បានផ្ដល់ជ័យជំនះទៅលោក បៃដិន ដែលឈ្នះអង្គបោះឆ្នោត ៣០៦សំឡេង ទល់នឹងលោក ត្រាំ ដែលទទួលបានត្រឹមតែ ២៣២សំឡេងប៉ុណ្ណោះ។
តែមកដល់ពេលនេះ លោក ដូណាល់ ត្រាំ បានបដិសេធទទួលស្គាល់«បរាជ័យ»របស់ខ្លួន និងបដិសេធ ជ័យជំនះរបស់លោក ចូ បៃដិន។ ប្រធានាធិបតីចប់អាណត្តិ បានលើកឡើង ពីការលួចបន្លំសន្លឹកឆ្នោត នៅក្នុងរដ្ឋមួយចំនួន ដែលលោក បៃដិន បានឈ្នះ ហើយបានប្ដឹងឡើងទៅតុលាការ ដើម្បីទាមទារឲ្យពិនិត្យឡើងវិញ អំពីភាពបានការនៃសន្លឹកឆ្នោត និងការរាប់សន្លឹកឆ្នោត នៅក្នុងរដ្ឋទាំងនោះ។
យ៉ាងណា លោក ដូណាល់ ត្រាំ មិនបានបង្ហាញពី«ភស្ដុតាងរឹង» នៅក្នុងការចោទប្រកាន់របស់លោកទេ ខណៈពាក្យបណ្ដឹងរបស់មួយភាគ ត្រូវបានតុលាការច្រានចោល៕