ពិភពលោក

ក្រឡាប់​រថយន្ដ​ទេសចរណ៍​នៅ​ម៉ាឌែរ៖ មនុស្ស​ស្លាប់​ ២៩នាក់

តុល្យភាពនៃជនរងគ្រោះ បានកើនឡើងរហូតដល់ ២៩នាក់ នៅក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្ដទេសចរណ៍មួយ នៅលើកោះម៉ាឌែរ (Madère ក្នុងមហាសាគរអាត្លង់ទិក) នៃប្រទេសព័រទុយហ្គាល់។ ស្ត្រីម្នាក់បានផុតដង្ហើម នៅពេលត្រូវបានបញ្ជូន ទៅដល់មន្ទីរពេទ្យ។ ជនរងគ្រោះដែលបានទទួលមរណភាព នៅនឹងកន្លែង មានចំនួន២៨នាក់។

បើតាមអាជ្ញាធរតំបន់ បានឲ្យដឹងថា មានមនុស្ស៥៧នាក់ បានជិះនៅក្នុងរថយន្ដ ហើយភាគច្រើនជាទេសចរណ៍អាល្លឺម៉ង់។ ពីក្នុងចំណោមជនរងគ្រោះ មាន១១នាក់ជាបុរស ១៨នាក់ជាស្ត្រី និងមានអាយុរវាងពី៤០ឆ្នាំ ដល់៥០ឆ្នាំ។

ហេតុការណ៍បានកើតឡើង វេលារសៀលថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៩ម្សិលម៉ិញ ក្នុងភូមិ «Santa Cruz» នៃកោះម៉ាឌែរ ដែលស្ថិតនៅភាគលិចឆៀងខាងត្បូង ច្រើនរយគីឡូម៉ែត្រ ពីដែនដីគោក​នៃប្រទេសព័រទុយហ្គាល់។

របាយការណ៍ដំបូងបានឲ្យដឹងថា អ្នកបើកបររថយន្ដបានបាត់ការគ្រប់គ្រង ទៅលើយានយន្ដរបស់ខ្លួន ហើយបានងាកចេញពីផ្លូវ ដែលបត់កោង ធ្វើឲ្យរថយន្ដក្រឡាប់ជាច្រើនត្រឡប់។ រថយន្ដទេសចរណ៍មួយនេះ ត្រូវបានដាកឲ្យប្រើប្រាស់ដំបូង កាលពី៥ឆ្នាំមុន។

ការស៊ើបអង្កេតត្រូវបានបើកធ្វើ ដោយអាជ្ញាធរទាំងពីរប្រទេស អាល្លឺម៉ង់ និង​ព័រទុយហ្គាល់។ នៅលើកោះម៉ាឌែរ អាជ្ញាធរបានប្រកាសកាន់ទុកបីថ្ងៃ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃសៅរ៍។

តាំងពីយប់ម្សិលម៉ិញ រហូតមកដល់ថ្ងៃនេះ រដ្ឋាភិបាលអាល្លឺម៉ង់បានលើកឡើង ពីគ្រោះថ្នាក់ដ៏រន្ធត់មួយ។ ក្រសួងការបរទេសអាល្លឺម៉ង់ បានបើកការិយាល័យវិបត្តិមួយ ដើម្បីផ្ដល់ជំនួយ និងដំណឹងដែលទាក់ទង សម្រាប់ក្រុមគ្រួសារជនរងគ្រោះ៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។