ពិភពលោក

យន្ដហោះ​«Boeing 737 MAX»​មួយ​ទៀត​ចុះចត​បន្ទាន់​ នៅ​អ័រឡេនដូ

យន្ដហោះប៊ូអីង (Boeing) ប្រភេទ «737 MAX» មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ «Southwest» ដែលត្រូវហោះ ឆ្ពោះទៅកាន់រដ្ឋកាលីហ្វ័នី (ភាគខាងលិចអាមេរិក) ថ្ងៃអង្គារនេះ បានជួបបញ្ហា ផ្នែកម៉ាស៊ីនប្រតិកម្មរបស់ខ្លួន ដែលត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ នៅក្រុងអ័រឡេនដូ ក្នុងរដ្ឋផ្លរីដា (ភាគអាគ្នេយ៍អាមេរិក)។

ទីភ្នាក់ងារសហព័ន្ធ ផ្នែកអាកាសចរណ៍ស៊ីវិល របស់សហរដ្ឋអាមេរិក ដែលហៅកាត់ថា «FAA» បានប្រកាសឲ្យដឹងពីដំណឹងនេះ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយភ្លាមៗ នៅក្រោយហេតុការណ៍។ ទីភ្នាក់ងារបានឲ្យដឹងថា៖

«យន្ដហោះបានហោះវិលត្រឡប់ក្រោយវិញ និងបានចុះចតដោយគ្មានបញ្ហាអ្វីធំដុំ នៅព្រលានយន្ដហោះ ក្រុងអ័រឡេនដូ។»

យន្ដហោះមួយគ្រឿងនេះ មិនមានផ្ទុកអ្នកដំណើរទេ ប៉ុន្តែយន្ដហោះត្រូវហោះ ទៅសំចតទុក ដើម្បីត្រួតពិនិត្យផ្នែកបច្ចេកទេស នៅក្នុងក្រុង «Victorville» នៃរដ្ឋកាលីហ្វ័រនី។

ទីភ្នាក់ងារ «FAA» បានផ្អិបយន្ដហោះប្រភេទ «737 MAX» ចំនួន១៣គ្រឿងរួចហើយ ដោយហាមយន្ដហោះប្រភេទនេះ មិនឲ្យហោះងើបខ្លួនពីដីឡើយ បន្ទាប់ពីគ្រោះថ្នាក់ពីរដង បានកើតឡើង តែក្នុងរវាងប៉ុន្មានខែ។

ប៉ុន្តែទីភ្នាក់ងាររដ្ឋអាមេរិក បានអនុញ្ញាតឲ្យយន្ដហោះ ដែល«ជាប់ចោទ»នោះ អាចហោះដោយគ្មានផ្ទុកមនុស្ស ចេញពីព្រលានយន្ដហោះមួយ ទៅកាន់ព្រលានយន្ដហោះមួយទៀត សម្រាប់ទុកសំចត។

ហេតុការណ៍ខាងលើ ត្រូវបានទីភ្នាក់ងារមួយនេះ ប្រកាសបើកការស៊ើបអង្កេតមួយឡើង ដើម្បីស្វែងយល់ពីមូលហេតុ។

រីឯក្រុមហ៊ុន «Southwest» វិញ បានបញ្ជាក់ថា យន្ដហោះបានជួបបញ្ហា នៅត្រង់ម៉ាស៊ីនប្រតិកម្ម បន្ទាប់ពីហោះងើបខ្លួនបានបន្តិច។ អ្នកនាំពាក្យក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមអ្នកបើកបរ​យន្ដហោះ បានអនុវត្តន៍តាមវិធានសុវត្ថិភាព ដោយបង្ហោះយន្ដហោះ ឲ្យត្រឡប់មកចុះចត់នៅព្រលានយន្ដហោះដើមវិញ នៅមុនម៉ោង១៥បន្តិច៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។