កម្ពុជា

តើ​«សន្តិភាព»​របស់ CPP ជួយ​ដោះស្រាយ​អ្វីខ្លះ ក្នុង​វិបត្តិ​«Covid-19»?

ចម្លើយខ្លី គឺ«សន្តិភាព» ដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា តែងលើកឡើង ប្រាប់ឲ្យពលរដ្ឋ ស្រែកតាមនោះ មិនបានជួយដោះស្រាយអ្វីឡើយ នៅក្នុងវិបត្តិ«Covid-19»។ នេះ បើតាមការអះអាង របស់លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងជាអ្នកឃ្លាំមើល​បញ្ហាសង្គម យ៉ាងជាប់លាប់​មួយរូប។

តែយ៉ាងហោចណាស់ ក៏ក្នុងមួយរយៈកាលចុងក្រោយ ពាក្យ«អរគុណសន្តិភាព» ហាក់រៀង​រសាយ ដោយគេមិនឃើញ​ប្រព័ន្ធឃោសនា របស់ក្រុងភ្នំពេញ លើកយកពាក្យនេះ មក​ឃោសនា​យ៉ាងសន្ធឹកសន្ធាប់ ដូចលើកមុនៗទេ។

សម្រាប់លោក ប៉ា ងួនទៀង បានពន្យល់ថា នោះគឺដោយសារតែតម្រូវការជាមូលដ្ឋាន និង​ចំពោះមុខ ក្នុងវិបត្តិនៃការរាតត្បាត មិនមែនគ្រាន់តែ ជាពាក្យ«សន្តិភាព»មួយម៉ាត់ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន តម្រូវឲ្យហោរកញ្ជៀវតាមនោះទេ។

នាយក «CCIM» បានសរសេរនៅលើបណ្ដាញសង្កមថា គឺវិបត្តិនេះ បានពន្យល់​ឲ្យពលរដ្ឋ​ខ្មែរ​ដឹងថា មនុស្សមិនអាចរស់នៅ ដោយខ្វះតម្រូវការជាមូលដ្ឋាន សម្រាប់ជីវិត​បាន​ឡើយ។ លោក ងួនទៀង បានរៀបរាប់ថា៖

«១) អាហារ (ត្រូវការមានការងារ ឬមុខរបរ ដើម្បីមានចំណូល) ដោយយើងមិនអាច​ហូប​សន្តិភាពកើត ហើយសន្តិភាព មិនអាចទូទាត់បំណុលធានាគារ ឬទិញទំនិញ​ផ្សេងៗ​បានទេ។»

«២) ជំរករស់នៅ ដោយសន្តិភាព មិនអាចទិញផ្ទះ ឬជួលផ្ទះបានទេ។»

«៣) សុខភាព (សេវាសុខភាព ប្រកបដោយគុណភាព និងអាចទទួលយកបាន ហើយ​អាច​ទៅរកបាន គ្រប់ពេល) ដោយពេលឈឺ សន្តិភាពព្យាបាលមិនកើត ហើយពេទ្យអត់​ទទួល​យក​សន្តិភាពទេ គឺយកលុយ។»

«៤) ដូចគ្នាដែរចំពោះសេវា និងគុណភាព នៅក្នុងវិស័យអប់រំ។»

អ្នកឃ្លាំមើលបញ្ហាសង្គមរូបនេះ បានអះអាងបន្ថែមថា មេដឹកនាំគណបក្សប្រជាជន​កម្ពុជា ដែលបានគ្រប់គ្រងប្រទេសកម្ពុជា ជាង៤០ឆ្នាំមកនេះ បានបរាជ័យ​ក្នុងការ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែររស់នៅ ដោយទទួលបាន នូវសេចក្តីត្រូវការជាមូលដ្ឋាន ដែលហៅជា​ភាសា​អង់គ្លេស «Basic Needs» (ឬភាសាបារាំង «Besoins Essentiels») សំរាបជីវិតរបស់​ពួកគេ ដូចបានរៀបរាប់ខាងលើ។

លោក ងួនទៀង បន្តទៀតថា ផ្ទុយទៅវិញ ក្រុមមេដឹកនាំទាំងនេះ បែរជាខំបន្លំ​ប្រជា​ពលរដ្ឋ ឲ្យគិតរឿងផ្សេង។ លោកសរសេរថា៖

«នៅពេលដែលពួកអ្នកកាន់អំណាច ខំស្រែកឲ្យប្រជាពលរដ្ឋ គិតរឿងសន្តិភាព បែរជា​ក្រុម​អ្នកកាន់អំណាចទាំងនោះ នាំគ្នាគិតតែរឿងលុយ និងទ្រព្យសម្បត្តិ។»

«ជាកាតព្វកិច្ច មេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលកពុងកាន់អំណាច ត្រូវតែ​បង្កើតសន្តិភាពពិតប្រាកដ និងលក្ខខណ្ឌ័រស់នៅដោយថ្លៃថ្នូរ សំរាប់ពលរដ្ឋខ្មែរ៕»

ដ.កែវ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។