ប្រទេសហុងគ្រី មានជំហរចង់ឲ្យការខ្វែងគំនិតគ្នា រវាងសហភាពអ៊ឺរ៉ុប និងរបបក្រុងភ្នំពេញ ជុំវិញកម្មវិធីអនុគ្រោះពន្ធ ដែលមានឈ្មោះថា «អ្វីៗទាំងអស់លើកលែងតែសព្វាវុធ – EBA» គួរត្រូវដោះស្រាយ ដោយមិនជាប់ពាក់ព័ន្ធ នឹងបញ្ហានយោបាយ។
ខាងលើនេះ ជាការអះអាងឡើង របស់នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី លោក វិចទ័រ អ័របង់ (Viktor Orban) ដែលបានថ្លែងយ៉ាងប្រយ័ត្នប្រយែង ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបការងារ រវាងមេដឹកនាំនៃប្រទេសទាំងពីរ កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩ម្សិលម៉ិញ នារដ្ឋធានីប៊ុយដាប៉េស ប្រទេសហុងគ្រី។
ក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីហុងគ្រី ដែលចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុន បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី អ័របង់ គាំទ្រឲ្យមានការពង្រឹង ចំពោះទំនាក់ទំនងពាណិជ្ជកម្ម រវាងសហភាពអ៊ឺរ៉ុប និងប្រទេសកម្ពុជា ហើយថា រាល់បញ្ហាដែលកើតមាន គួរត្រូវបានដោះស្រាយ ដាច់ដោយឡែក ពីបញ្ហានយោបាយផ្សេងទៀត។
ដោយឡែក ទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្រង់សំដីរបស់លោក អ័របង់ មកសរសេក្នុងករណីនេះថា៖
«បញ្ហា EBA វាគឺជារឿងខ្វែងគំនិតគ្នា រវាងសហភាពអឺរ៉ុប និងកម្ពុជា។ ផ្ទុយទៅវិញ ហុងគ្រីតែងតែឈរ និងគាំទ្រកម្ពុជាជានិច្ច។ ពិសេសទៅទៀតនោះ ហុងគ្រីមិនគាំទ្របញ្ហានយោបាយ និងបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច មានភាពច្របូកច្របល់គ្នានោះទេ។»
ទំព័រហ្វេសប៊ុកនោះ បានសរសេរបញ្ជាក់ថា លោក ហ៊ុន សែន បានលើក «ការពិភាក្សា យ៉ាងយកចិត្តទុកដាក់» ទាក់ទិនទៅនឹងគោលជំហរ និងទស្សនៈរបស់ហុងគ្រី ពាក់ព័ន្ធទៅនឹងគោលនយោបាយ របស់ សហភាពអឺរ៉ុប ពិសេសពាកព័ន្ធទៅនឹងបញ្ហា «EBA»។
ការគូសបញ្ជាក់ អំពី«ការពិភាក្សាយ៉ាងយកចិត្តទុកដាក់» ធ្វើឡើងផ្ទុយពីជំហរជាសាធារណៈ របស់បុរសខ្លាំងកម្ពុជា ដែលតែងប្រកាស ក្នុងពេលកន្លងមកថា លោកមិនខ្វល់ ពីការព្រមានព្យួរប្រព័ន្ធអនុគ្រោះពន្ធខាងលើ ពីសំណាក់សហភាពអ៊ឺរ៉ុបនោះឡើយ។
កាលពីថ្ងៃទី១១ ខែមិថុនានេះ សហភាពអ៊ឺរ៉ុបបានរំឭកប្រទេសកម្ពុជា សារជាថ្មីទៀត ឲ្យដោះស្រាយក្ដីកង្វល់ទាំងឡាយ ទាក់ទងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ដើម្បីអាចរក្សាទុកនូវប្រព័ន្ធអនុគ្រោះពន្ធខាងលើ។ ការរំឭកនេះ ធ្វើឡើងបន្ទាប់ក្រុមប្រតិភូសហភាពអ៊ឺរ៉ុប បានបញ្ចប់បេសកកម្ម ស្វែងរកការពិត នៅកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនារួចរាល់។
សេចក្ដីប្រកាសព័ត៌មាន របស់សហភាពអ៊ឺរ៉ុប ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ បានសរសេរថា៖
«សហភាពអឺរ៉ុបបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងកិច្ចធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីសំរេចបាន នូវគោលបំណងទាំងនេះ តែបានរំឭកប្រទេសកម្ពុជា ថា”ត្រូវតែ”បង្ហាញ ពីភាពជឿនលឿនពិតប្រាកដ និងគួរឱ្យជឿជាក់បាន ទាក់ទងនឹងកង្វល់ ដែលបានលើកឡើង។»
«កង្វល់ដែលបានលើកឡើង»នោះ ត្រូវបានសហភាពអ៊ឺរ៉ុបអះអាងថា មានចំនួនបួនដូចខាងក្រោម៖
សូមជម្រាបជូនដែរថា ប្រទសហុងគ្រី ដែលមានចំនួនប្រជាជន ប្រមាណជិត១០លាននាក់ ជាសមាជិកមួយ ពីក្នុងចំណោមសមាជិក ទាំង២៨ (រាប់ទាំងចក្រភពអង់គ្លេស) នៃសហភាពអ៊ឺរ៉ុប។ សមាជិកភាពរបស់ប្រទេសនេះ ត្រូវបានទទួលយល់ព្រម ដោយសហភាពអ៊ឺរ៉ុប នៅឆ្នាំ២០០៤ ទន្ទឹមនឹងប្រទេសចំនួន៩ផ្សេងទៀត៕