តារា ជនល្បី

គ្រួសារ អូបាម៉ា នឹង​មកធ្វើ​វិស្សមកាល​១សប្ដាហ៍ នៅ​ភាគ​ខាងត្បូង​បារាំង

អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) និងគ្រួសាររបស់លោក នឹងធ្វើវិស្សមកាល រយៈពេលមួយសប្ដាហ៍ នៅក្នុងទឹកដីភាគខាងត្បូង នៃប្រទេសបារាំង។

សារព័ត៌មានបារាំង បានរាយការណ៍ថា លោក អូបាម៉ា រួមនឹងភរិយា អ្នកស្រី មីឆែល (Michelle) និងកូនស្រីទាំងពីររបស់លោក នឹងមកដល់ព្រលានយន្ដហោះ នៃក្រុង «Avignon» នៅវេលាម៉ោង៩ និង៣០នាទី យប់ថ្ងៃសុក្រ ទី១៤ ខែមិថុនានេះ។

ប៉ុន្តែបើទោះជាសារព័ត៌មាន បានចុះផ្សាយពីដំណឹងនេះ ជាចំហរក្ដី តែការការពារ​សន្តិសុខ​សុវត្ថិភាព ដ៏ខ្ពស់បំផុត នឹងធ្វើឲ្យគេមិនដឹងថា តើគ្រួសារអតីតប្រធានាធិបតី នៃប្រទេសមហាអំណាច ត្រូវចេញពីយន្ដហោះ តាមច្រកណា ហើយជិះរថយន្ដអ្វី ជាបន្តឡើយ។

គេគ្រាន់តែដឹងថា អតីតប្រធានាធិបតី បានជួលផ្ទះវីឡាមួយ នៅក្នុងក្រុង «Villeneuve-lez-Avignon» ដើម្បីស្នាក់នៅ ក្នុងរយៈពេលនៃវិស្សមកាល ដ៏ខ្លីនេះ។

សារព័ត៌មានតំបន់ នៅក្នុងភាគខាងត្បូងបារាំង បានអះអាងទៀតថា ភ្នាក់ងារសម្ងាត់អាមេរិក-បារាំងជាច្រើននាក់ នឹងរួមគ្នាមានវត្តមាន នៅក្បែរអតីតប្រធានាធិបតី ដើម្បីធានាដល់សុវត្ថិភាព របស់លោក និងគ្រួសារ។ នេះ គេនៅមិនទាន់រាប់ ពីភ្នាក់ងារនគរបាល​​ចេញមុខ ជាច្រើនទៀត របស់អាជ្ញាធរបារាំង ដែលនឹងត្រូវដាក់ពង្រាយ នៅក្នុងតំបន់​ផងដែរ​នោះទេ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។