កម្ពុជា

វ៉ា គឹមហុង បានចុះ​ហត្ថលេខា​«សម្ងាត់»​ទទួលផែនទី​ព្រំដែន​ពី​វៀតណាម?

ខណៈលោកសាស្ត្រាចារ្យ រ៉ុង ឈុន ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួន​ឃុំក្នុង​ពន្ធនាគារ ព្រោះ​បានចុះ​ទៅមើលបញ្ហា​នៅ​ព្រំដែននោះ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ នៅ​ច្រក​អន្តរជាតិ ម៉ុកបៃ (Moc Bai) ខេត្តតៃនិញ (ខេត្តរោងដំរី នៃទឹកដីកម្ពុជាក្រោម) ឯណោះ លោក វ៉ា គឹមហុង ប្រធានគណៈកម្មការ​ចម្រុះកិច្ចការ​ព្រំដែនកម្ពុជា បានជួប​ជាមួយ​​សមភាគី​វៀតណាម ដើម្បីទទួលយកផែនទីភូមិសាស្ត្រ ខ្នាត ១/២៥,០០០ នៃព្រំដែន​​រវាង​ប្រទេស​ទាំងពីរ។

គេមិនដឹងថា តើជំនួបខាងលើ មានលក្ខណៈបើកចំហរ ឬធ្វើឡើងជាសម្ងាត់បែបណា​ទេ ដោយហេតុថា ប្រព័ន្ធឃោសនារបស់របបក្រុងភ្នំពេញ មិនបានផ្សាយពីព័ត៌មាន​មួយ​នេះ​ សូម្បីបន្តិចឡើយ ដែលផ្ទុយ​ពីប្រព័ន្ធ​ផ្សព្វផ្សាយ របស់វៀតណាម ដែលចេញផ្សាយ​ព្រោងព្រាត ទាំងនៅតាមប្រព័ន្ធឃោសនារដ្ឋ (VNA) និងនៅតាម​គេហទំព័រ​ព័ត៌មាន​នានា។

ទីភ្នាក់ងារ «VNA» បានរាយការណ៍ឲ្យដឹងថា៖

«ភាគីទាំងពីរបានផ្ទៀងផ្ទាត់ ពិនិត្យ និងឯកភាព លើផែនទីព្រំដែនចំនួន ៥០០សន្លឹក ដែលត្រូវបានចងក្រងឡើង រួមមាន ២៥០សន្លឹក ជាភាសាវៀតណាម-ខ្មែរ និង ២៥០ សន្លឹកជាភាសាខ្មែរ-វៀតណាម ដោយមានហត្ថលេខារបស់អាជ្ញាធរពាក់ព័ន្ធ នៃប្រទេសទាំងពីរ នៅជាមួយផង។ ភាគីទាំងពីរ បានរក្សាឯកសារផែនទីទាំងនោះ ចំនួន ២៥០សន្លឹក ក្នុងភាគីម្ខាងៗ។»

ប្រព័ន្ធឃោសនា របស់រដ្ឋកុម្មុយនីស្ដិ៍វៀតណាម មិនបានអះអាងទេថា ថាតើឯកសារ​ផែនទី​​ទាំងនោះ ត្រូវបានបោះពុម្ភ ឬចម្លងចេញពីសំណៅណាមួយទេ តែបានបញ្ជាក់ម្ដង​ហើយ ម្ដងទៀតថា «ប្រទេសវៀតណាម​-កម្ពុជា​បានចុះហត្ថលេខា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ លើសន្ធិសញ្ញាបំពេញបន្ថែម​នៃសន្ធិសញ្ញាផែនការព្រំដែនជាតិ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញា​បំពេញបន្ថែម ឆ្នាំ២០០៥»។

«VNA» សរសេរថា៖

«ផែនទីសណ្ឋានដី​នៃព្រំដែនវៀតណាម-កម្ពុជា ដែលបានបង្កើតឡើង ក្នុងមាត្រាដ្ឋាន ១/២៥,០០០ បានឆ្លុះ​បញ្ចាំង​យ៉ាង​ពេញលេញ នូវសមិទ្ធិផលនៃការកំណត់ខណ្ឌសីម៉ា និង​ការបោះ​បង្គោល​ព្រំដែន ដែលសុទ្ធសឹង​ជា​ឧបសម្ព័ន្ធ ដែលមិនអាច​កាត់ផ្តាច់បាន ចំពោះ​ពិធីសារ ស្តីពីការកំណត់ខណ្ឌសីម៉ា និងការបោះ​បង្គោល​ព្រំដែនគោក វៀតណាម-កម្ពុជា ដែលបាន​ចុះហត្ថលេខា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នូវសន្ធិសញ្ញាបំពេញបន្ថែម​ នៃ​សន្ធិសញ្ញា​​​ផែនការ​​ព្រំដែន​ជាតិ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញា​បំពេញ​បន្ថែម ឆ្នាំ២០០៥។»

«ការបញ្ចប់ការងារគូសវាសផែនទីសណ្ឋានដី នៃព្រំដែនគោកវៀតណាម​-កម្ពុជា ដោយ​ភាគីទាំងពីរ គឺជាមូលដ្ឋានសំខាន់មួយ សម្រាប់ការពន្លឿនពិធីការ នៃការផ្លាស់ប្តូរ​ឯកសារអនុម័ត លើសន្ធិសញ្ញាបំពេញបន្ថែម នៃសន្ធិសញ្ញាកំណត់ព្រំដែនជាតិ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ក៏ដូចជាពិធីសារ ស្តីពីការបោះបង្គោលព្រំដែន​គោក រវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខារួច នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។»

ឯកសារច្បាប់ចំនួនពីរ ក៏ត្រូវបានមន្ត្រីទទួលខុសត្រូវទាំងខាងសង ចុះហត្ថលេខា​ក្នុង​ជំនួប​នេះដែរ។ ប៉ុន្តែ «VNA» មិនបានលំអិតថា តើឯកសារច្បាប់នោះ ជាអ្វី និងលើក​ឡើង​ពីអ្វីទេ។ ទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម បានបញ្ជាក់​ដូច្នេះថា៖

«នៅក្នុងកិច្ចប្រជុំនេះដែរ ប្រធានគណៈកម្មការចម្រុះ​ទាំងសងខាង បានចុះហត្ថលេខា​លើឯកសារច្បាប់ចំនួន២ ដែលទទួលស្គាល់ នូវសមិទ្ធិផលរបស់ពួកលោក ក្នុងការកំណត់​ខណ្ឌសីម៉ា និងការបោះបង្គោលព្រំដែន​នៅលើដីគោក ហើយបានធ្វើការវាយតម្លៃ និង​ពិនិត្យ​ឡើងវិញ នូវការងារទាំងឡាយ ដែលទាក់ទង​នឹងព្រំដែនគោក រវាងប្រទេស​ទាំងពីរ។»

«ដើម្បីបម្រើដល់ការគ្រប់គ្រងព្រំដែន ភាគីទាំងពីរបានឯកភាពគ្នាថា នឹងបន្តដឹកនាំ​កម្លាំង​នៅតាមមូលដ្ឋាន ដើម្បីគ្រប់គ្រងព្រំដែន ​ឱ្យបានត្រឹមត្រូវ ស្របតាមបទបញ្ជា ដើម្បីរក្សាឲ្យបាន នូវព្រំដែនមានស្ថេរភាព រវាង​ប្រទេស​ទាំងពីរ រហូតដល់​ឯកសារគតិ​យុត្តទាំងពីរ (ខាងលើ) ចូលជា​ធរមាន។»

សូមបញ្ជាក់ថា សមភាគីវៀតណាមរបស់លោក វ៉ា គឹមហុង នៅក្នុងជំនួបខាងលើ គឺលោក ឡេ ហួយទ្រុង (Le Hoai Trung) ដែលជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធាន​គណៈកម្មការ​ចម្រុះកិច្ចការ​ព្រំដែន របស់​ប្រទេស​វៀតណាម។ ច្រកអន្តរជាតិ ម៉ុកបៃ ដែល​ស្ថិតក្នុង​ទឹកដីវៀតណាម មានទីតាំង នៅទល់មុខ​ច្រកអន្តរជាតិ បាវិត របស់​ប្រទេស​កម្ពុជា។

នៅមុនជំនួបនេះ តែប៉ុន្មានម៉ោង លោកសាស្ត្រាចារ្យ រ៉ុង ឈុន ដែលជាសកម្មជនមួយរូប ខ្វាយខ្វល់​ចំពោះបញ្ហាព្រំដែន ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួនទាំងកណ្ដាល​យប់ (យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០) ពីគេហដ្ឋាន​របស់លោក ក្នុងសង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

លោកសាស្ត្រាចារ្យ ដែលជាប្រធាន​សហភាព​សហជីពកម្ពុជាផង ត្រូវបាន​តុលាការ​រាជធានី ចោទប្រកាន់​ក្នុង​រសៀល​ថ្ងៃទី១ ខែសីហានេះ ពីបទ«ញុះញង់» បង្កឲ្យមានភាព​វិកវរ​ធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម មុននឹងបញ្ជូន ទៅឃុំខ្លួន​ជាបណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃសរ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។