ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានឆ្លៀតឱកាស នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីអំពាវនាវជាថ្មី ទៅកាន់របបក្រុងភ្នំពេញ ឲ្យទម្លាក់ចោលបទចោទប្រកាន់ ទៅលើបណ្ដាអ្នកទោសនយោបាយទាំងអស់។
ជាមួយនឹងរូបថតលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកខ្លួន ស្ថានទូតនៃប្រទេសមហាអំណាចមួយនេះ បានសរសេរថា៖
«នៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ យេីងអំពាវនាវ ឲ្យមានការទម្លាក់ បទចោទប្រកាន់ទៅលេី គ្រប់អ្នកទោសនយោបាយទាំងអស់។»
អ្នកទោសនយោបាយទាំងអស់ ទំនងជាសហរដ្ឋអាមេរិកចង់សំដៅ ទៅអ្នកនយោបាយណាក៏ដោយ ដែលរងការចាប់ចង់ អូសដំណើរ និងការចាប់ដាក់ឃុំ ពីសំណាក់របបដឹកនាំសព្វថ្ងៃ ក្រោមបទចោទជាច្រើន ដូចយ៉ាង បទក្បត់ជាតិ ដែលដាក់ទៅលើលោក កឹម សុខា និងបទបរិហាកេរ្តិ៍ ដែលដាក់ទៅលើលោក សម រង្ស៊ី ជាដើម។
ការប្រកាសរបស់ស្ថានទូតអាមេរិកខាងលើ ធ្វើឡើងនៅមុន លោក ផាទ្រីក ម៉ាកហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ជំនួសលោក វីល្លៀម ហេដ៍ (William A. Heidt) ឯកអគ្គរដ្ឋទូតផុតអាណត្តិ ដែលនៅមិនទាន់ធ្វើដំណើរ មកកាន់តំណែងរបស់លោក នៅក្នុងប្រទេសកម្ពុជានៅឡើយ។
យ៉ាងណា រដ្ឋាភិបាលលោក ហ៊ុន សែន បានបន្ទន់ជំហរគួរឲ្យកត់សម្គាល់ កាលពីដើមសប្ដាហ៍មុន ដោយបានប្រកាសសម្រួល ហុចដៃទៅដល់មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូល ព្យួរសិទ្ធិធ្វើនយោបាយ ក៏ដូចជាទៅដល់ ប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងសហជីពមួយចំនួន អាចធ្វើសកម្មភាពនយោបាយ ឬសកម្មភាពក្នុងស្ថាប័នខ្លួនធម្មតាឡើងវិញ៕